ភ្នំពេញ៖ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានក្នុងខែកក្កដា ឆ្នាំ២០២០ នេះ ឃើញថាមានការថយចុះ បើធៀបទៅនឹងខែកក្កដា ឆ្នាំមុន នេះដោយយោងតាមការបង្ហាញរបស់ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ០៧ខែ ឆ្នាំ២០២០ ព្រមជាមួយទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។
ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម បានបង្ហាញថា ក្នុងខែកក្កដា ឆ្នាំ២០២០ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៨៦.២៤ ប៊ីលានរៀល (ប្រមាណជា ១៩៤.១៣ លានដុល្លារអាមេរិក) ស្មើនឹង ៦.៨១% នៃផែនការប្រចាំឆ្នាំ។ ជាមួយគ្នានេះ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកក្កដា ឆ្នាំ២០១៩ ឃើញថាថយចុះចំនួន ៧៥.៧១ ប៊ីលានរៀល (ប្រមាណជា ១៦.២២ លានដុល្លារអាមេរិក) ស្មើនឹង ៧.៧១%។

សូមជម្រាបផងដែរថា ក្នុងខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (ប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨០៩.១៩ ប៊ីលានរៀល (ប្រមាណជា ១៩៩.៨០ លានដុល្លារអាមេរិក) ស្មើនឹង ៧.០១% នៃផែនការប្រចាំឆ្នាំ៕

អត្ថបទ៖ លីនី


