កម្មករកាត់ដេរដែលផ្គត់ផ្គង់យីហោម៉ូដសកលបានទទួលប្រាក់កម្រៃ ឬមិនបានទាល់តែសោះក្នុងកំឡុងពេលមានវិបត្តិជំងឺ Covid-19 ដោយការបាត់បង់ប្រាក់ឈ្នួលមានចំនួនជិត ៦ ពាន់លានដុល្លារ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃទី ១០ ខែសីហា។
ជំងឺរាតត្បាតបានធ្វើឱ្យមានការបិទទ្វារ និងការលក់ធ្លាក់ចុះ ខណៈអ្នកលក់រាយជាច្រើនបានលុបចោលការបញ្ជាទិញ ឬទាមទារការបញ្ចុះតម្លៃពីអ្នកផ្គត់ផ្គង់ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់កម្មកររាប់សិបលាននាក់នៅក្នុងវិស័យនេះ។ Pressure group Clean Clothes Campaign ដែលជាបណ្តាញនៃអង្គការសិទ្ធិការងារ និងសហជីពបាននិយាយថា កម្មករកាត់ដេរនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ភាគច្រើនទទួលបានប្រាក់ខែទាប ដែលមានត្រឹមតែ ៣/៥ នៃប្រាក់ចំណូលធម្មតាពីខែមីនា ដល់ខែឧសភា។

ទន្ទឹមនឹងនេះ នៅតាមតំបន់ខ្លះនៃប្រទេសឥណ្ឌា កម្មករទទួលបានប្រាក់ខែតិចជាងពាក់កណ្តាលនៃប្រាក់ចំណូលរបស់ពួកគេ។ Clean Clothes Campaign បានជម្រុញឲ្យក្រុមហ៊ុន និងអ្នកលក់រាយបញ្ឈប់ការចំណាយ និងធានាថាកម្មករទាំងអស់នៅក្នុងបណ្តាញផ្គត់ផ្គង់របស់ពួកគេទទួលបាននូវអ្វីដែលពួកគេជំពាក់។ លើសពីនេះទៅទៀត លោក Khalid Mahmood ប្រធានមូលនិធិអប់រំការងារនៅប្រទេសប៉ាគីស្ថានបាននិយាយថា « ចន្លោះប្រហោងនៃប្រាក់ឈ្នួលដែលបណ្តាលមកពីវិបត្តិនេះមានន័យថា កម្មករមិនអាចចិញ្ចឹមគ្រួសារបានត្រឹមត្រូវទេ »។ លោកបន្តថា ពួកគេមិនអាចបង់ថ្លៃសាលា ឬបង់ថ្លៃពេទ្យហើយពួកគេភាគច្រើនជំពាក់បំណុលគេ។
Clean Clothes Campaign បាននិយាយថា មិនមានទិន្នន័យគ្រប់គ្រាន់ក្នុងការស្រាវជ្រាវដល់ប្រទេសចំនួន ៧ រួមមាន៖ បង់ក្លាដែស កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន និងស្រីលង្កា ប៉ុន្តែស្ថានការណ៍ប្រហែលជាមិនល្អប្រសើរទេសម្រាប់ប្រទេសដែលមានប្រាក់ឈ្នួលទាប។ យោងតាមការបូកសរុបទិន្នន័យរបស់អ្នកស្រាវជ្រាវប៉ាន់ស្មានថា កម្មករកាត់ដេរនៅទូទាំងពិភពលោកបានខាតបង់ ៣.១៩ ពាន់លានដុល្លារទៅ ៥.៧៩ ពាន់លានដុល្លារក្នុងរយៈពេល ៣ ខែដំបូងនៃជំងឺរាតត្បាត។ ពួកគេប៉ាន់ស្មានថាប្រាក់ឈ្នួល ៥០០ លានដុល្លារត្រូវបានកាត់នៅបង់ក្លាដែស និងជាង ៤០០ លានដុល្លារនៅឥណ្ឌូនេស៊ី៕

អត្ថបទ៖ នីតា
ប្រភព៖ thejakartapost


