ខណៈវីរុសកូវីដ-១៩ នៅតែបន្តរាតត្បាតតាមប្រទេសជាច្រើននៅលើពិភពលោក រួមមានកម្ពុជាផងនោះ បានធ្វើឲ្យសេដ្ឋកិច្ចរងផលប៉ះពាល់ធ្ងន់ធ្ងរហើយវិស័យជាច្រើនក៏ប៉ះពាល់ផងដែរ។ ជាក់ស្ដែងក្នុងប្រទេសកម្ពុជាវិស័យទេសចរណ៍ និងវិស័យកាត់ដេរទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដែលបង្ខំឲ្យអាជីវកម្ម និងរោងចក្រជាច្រើនត្រូវផ្អាក និងបិទទ្វារ។
យ៉ាងណាមិញទោះបីជាក្នុងបរិបទបែបនេះក្ដី ប្រទេសកម្ពុជានៅតែទទួលបានការវិនិយោគថ្មីៗ ចូលមកក្នុងប្រទេសជាហូរហែ ដោយយោងតាមហ្វេសប៊ុកផេករបស់ក្រុមប្រឹក្សាកម្ពុជា ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន FOREVER FUG GARMENT CO., LTD. តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់។

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុនខាងលើមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍ B ផ្លូវលេខ១២៧ ភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះមានទុនវិនិយោគប្រមាណ ១០.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,២៦៣ កន្លែង ដល់ប្រជាពលរដ្ឋកម្ពុជាចំពេលមានវិបត្តិកូវីតនេះ៕
អត្ថបទ៖ លីនី


