ឧស្សាហកម្មសាច់មាន់ថៃកាត់បន្ថយការផលិត ខណៈតម្រូវការសកលធ្លាក់ចុះដោយសារការរាតត្បាតនៃកូវីដ-១៩
សេដ្ឋកិច្ច August 7, 2020 Chan Sreyny

ការនាំចេញសាច់មាន់របស់ថៃ បានកើនឡើងតិចជាងការរំពឹងទុកនៅក្នុងឆមាសទី១ នៃឆ្នាំនេះដោយសារការរាតត្បាតនៃជំងឺ Covid-19 នេះបើយោងតាមសមាគមនាំចេញសាច់មាន់ថៃ។

ប្រទេសថៃបាននាំចេញសាច់មាន់ចំនួន ៤៧០,០០០ តោនក្នុងរយៈពេល ៦ ខែដំបូងគឺកើនឡើង ២% ពីបើធៀបនឹងឆ្នាំមុន ជាមួយនឹងតម្លៃនាំចេញជាង ១ ពាន់លានដុល្លារកើនឡើងជាង ៣២ លានដុល្លារ។ លោក Kukrit Arepagorn ប្រធានសមាគមបាននិយាយថា ជំងឺរាតត្បាតបានបណ្តាលឱ្យទីផ្សារធំទី២ របស់ប្រទេសថៃគឺសហភាពអឺរ៉ុប និងជប៉ុនកាត់បន្ថយការនាំចូលសាច់មាន់។ លោកបានមានប្រសាសន៍ថា « ការនាំចេញសាច់មាន់ទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ ១០% ដោយសារស្ថានភាព Covid-19 មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ លោករំពឹងថា ប្រទេសថៃនឹងនាំចេញសាច់មាន់ចំនួន ២៨០,០០០ តោនទៅកាន់សហភាពអឺរ៉ុបនៅឆ្នាំនេះពោលគឺធ្លាក់ចុះពី ៣៣០,០០០ តោនកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ ការនាំចេញសាច់មាន់ទៅកាន់ប្រទេសជប៉ុនកើនឡើងត្រឹមតែ ២% ប៉ុណ្ណោះដោយសារតែការផ្ទុះជំងឺ Covid-19 បានប៉ះពាល់ដល់វិស័យទេសចរណ៍ និងបានបង្ខំឲ្យប្រទេសជប៉ុនពន្យារពេលព្រឹត្តិការណ៍ Tokyo Olympic Games ។ ទោះយ៉ាងបីជាយ៉ាងនេះក្ដី លោក Kukrit បាននិយាយថា ការនាំចេញទៅកាន់ប្រទេសចិនបានកើនឡើងចំនួន ១០០,០០០ តោន និងសិង្ហបុរីកើនឡើង ២ ម៉ឺនតោនក្នុងរយៈពេល ៦ ខែដំបូង។

លោកបន្ថែមថា « ទោះបីជាតម្រូវការមាន់នៅក្នុងប្រទេសចិនមានការកើនឡើងក៏ដោយ ថៃមិនអាចបង្កើនផលិតកម្មបានទេពីព្រោះប្រទេសចិនបានបញ្ជាទិញតែស្លាបមាន់ និងជើងមាន់ប៉ុណ្ណោះ »។ បច្ចុប្បន្នទ្រូងមាន់មិនអាចត្រូវបាននាំចេញទៅសហភាពអឺរ៉ុបទេ ដែលបណ្តាលឱ្យតម្លៃធ្លាក់ចុះនៅឆមាសទី២ នៃឆ្នាំនេះនឹងមិនមានភាពប្រសើរឡើងនោះទេ ពីព្រោះស្ថានភាព Covid-19 នៅសហភាពអឺរ៉ុបនៅតែបន្ត៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand