ប្រទេសលីបង់ត្រូវខាតបង់ទឹកប្រាក់ពី ៣ ទៅ ៥ ពាន់លានដុល្លារដោយសារការផ្ទុះឃ្លាំងស្តុកសារធាតុគីមី
សេដ្ឋកិច្ច August 7, 2020 Chan Sreyny

យោងតាម អភិបាលក្រុង Beirut ប្រទេសលីបង់បានបង្ហើបឱ្យដឹងថា ការផ្ទុះដ៏ខ្លាំងនៅទីក្រុង Beirut កាលពីថ្ងៃអង្គារ បានធ្វើឱ្យប្រជាជន ៣០០,០០០ នាក់បានបាត់បង់ផ្ទះសម្បែង ហើយការផ្ទុះនេះបានបង្កការខូចខាតដែលមានតម្លៃចន្លោះពី ៣ ទៅ ៥ ពាន់លានដុល្លារ។

រដ្ឋាភិបាលកណ្តាលបានប្រកាសភាពអាសន្ន និងបានប្រកាសពីផែនការដើម្បីស៊ើបអង្កេតថា តើសមាសធាតុគីមីដែលអាចត្រូវបានប្រើដើម្បីផលិតគ្រាប់បែកបានរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំ និងអាចធ្វើឱ្យអ្នកដែលមានការធ្វេសប្រហែសទាំងនោះទទួលខុសត្រូវយ៉ាងដូចម្តេច។ រដ្ឋមន្ត្រីសុខាភិបាលលីបង់នៅថ្ងៃពុធ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យ៉ាងហោចណាស់មនុស្ស ១៣៥ នាក់បានស្លាប់ និងប្រហែល ៥,០០០ នាក់ផ្សេងទៀតបានរងរបួស ហើយមនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។

គួរបញ្ជាក់ផងដែរថា ឃ្លាំងស្តុកសារធាតុគីមីនៅកំពង់ផែ Beirut ដែលការផ្ទុះបានកើតឡើងបានផ្ទុកអាម៉ូញ៉ូមនីត្រាតចំនួន ២,៧៥០ តោនដែលជាសារធាតុគ្រោះថ្នាក់អស់រយៈពេល ៦ ឆ្នាំ។ ប្រធានាធិបតី Michel Aoun បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីបន្ទាន់មួយកាលពីថ្ងៃពុធ និងបានប្រកាសអាសន្នរយៈពេល ២ សប្តាហ៍នៅលីបង់។ លោកបានបញ្ជាឱ្យយោធាដាក់ការឃុំខ្លួនក្នុងផ្ទះ ចំពោះអ្នកដែលពាក់ព័ន្ធក្នុងការរក្សាទុកអាម៉ូញ៉ូមនីត្រាតនេះ។ រដ្ឋាភិបាលនឹងបង្កើតក្រុមមួយដើម្បីស៊ើបអង្កេតក្នុងរយៈពេល ៥ ថ្ងៃនៃមូលហេតុនៃការផ្ទុះ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk