រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ប្រាក់កម្ចីដល់ប្រទេសបង់ក្លាដែស ដែលមានចំនួនទឹកប្រាក់រហូតដល់ទៅ ៣៣០ លានដុល្លារសម្រាប់ការឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។
នាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo និងសមភាគីបង់ក្លាដែសលោកស្រី Sheikh Hasina បានចូលរួមក្នុងកិច្ចសន្ទនាតាមរយៈប្រព័ន្ធ Videocall កាលពីថ្ងៃពុធ ដោយបានបញ្ជាក់ថាប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀង ដើម្បីធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ លោក Abe បាននិយាយក្នុងកិច្ចសន្ទនាថា ប្រទេសរបស់លោកនឹងបន្តជួយបង់ក្លាដែសដើម្បីទទួលយកក្រុម Rohingya Muslims ដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា។ លោក Abe បានបន្ថែមថា ជប៉ុននឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីនាំមកនូវការវិលត្រឡប់របស់ពួកគេទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។

លោកស្រី Hasina បានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់សម្រាប់ក្រុម Rohingya Muslims ដែលត្រូវវិលត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញឱ្យបានឆាប់បំផុត។ លោកស្រីក៏បានសម្តែងការកោតសរសើរចំពោះការគាំទ្ររបស់ជប៉ុនផងដែរ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាបន្តធ្វើការជាមួយគ្នាលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានរួមមាន៖ ការកសាងប្រព័ន្ធផលិតថាមពលធ្យូងថ្ម ដែលមានប្រសិទ្ធិភាពខ្ពស់នៅក្នុងស្រុកភាគខាងត្បូងប្រទេសបង់ក្លាដែស។ ប្រទេសទាំងពីរក៏បានយល់ព្រមសហការនាពេលអនាគត ដើម្បីបង្កើតសង្គមគ្មានកាបូនតាមរយៈការលើកកម្ពស់ថាមពលកកើតឡើងវិញ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk


