ប្រទេសជប៉ុនបាននិយាយកាលពីចុងសប្ដាហ៍ថា ខ្លួនបានយល់ព្រមទទួលការផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ១២០លានដូស សម្រាប់មនុស្ស ៦០ លាននាក់នៅចុងខែមិថុនាឆ្នាំក្រោយពីក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer Inc និងដៃគូអាឡឺម៉ង់ BioNTech SE ប្រសិនបើពួកគេទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍វ៉ាក់សាំង។
នេះជាកិច្ចព្រមព្រៀងលើកទីមួយហើយដែលរដ្ឋាភិបាលជប៉ុនបានចុះកិច្ចព្រមព្រៀងលើការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងវីរុសដែលបង្កជំងឺផ្លូវដង្ហើម Covid-19។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Katsunobu Kato បានប្រាប់ក្រុមអ្នកយកព័ត៌មានថា « យើងកំពុងតែពិភាក្សាគ្នាជាមួយក្រុមហ៊ុនដទៃទៀតដែរ។ ហើយយើងនឹងខិតខំផ្គត់ផ្គង់វ៉ាក់សាំងដែលមាន សុវត្ថិភាព និងប្រសិទ្ធភាព នៅពេលមានឱកាសជាលើកដំបូងបំផុត »។

លោកបានបន្តថា ប្រទេជប៉ុននឹងបង្កើនល្បឿននៃកិច្ចពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចសន្យាចុងក្រោយ តែទាំងលោក Kato និងក្រុមហ៊ុនទាំងពីរមិនបានផ្ដល់ព័ត៌មានលម្អិតស្ដីពីកិច្ចព្រមព្រៀងនេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយ Pfizer និង BioNTech តម្រូវឲ្យប្រើប្រាស់ពីរដូសសម្រាប់អ្នកជំងឺម្នាក់ៗ។

យ៉ាងណាមិញកាលពីថ្ងៃច័ន្ទ Pfizer និង BioNTech បាននិយាយថា ពួកគេកំពុងធ្វើការសាកល្បងព្យាបាលនៅដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងដែលមានសក្តានុពលដែលមានអ្នកចូលរួមរហូតដល់ទៅ ៣០,០០០ នាក់។ ហើយប្រសិនបើការសាកល្បងទទួលបានជោគជ័យ រួមជាមួយការអនុញ្ញាតិច្បាប់ ឬ ការយល់ព្រមត្រូវបានទទួល Pfizer និង BioNTech មានបំណងផ្គត់ផ្គង់រហូតដល់ ១០០ លានដូសទូទាំងពិភពលោកនៅដំណាច់ឆ្នាំនេះ និងប្រមាណ ១.៣ កោដិដូសនៅដំណាច់ឆ្នាំក្រោយ៕
អត្ថបទ៖ លីនី
រូបភាព៖ kyodonews


