ថៃ៖ គណៈរដ្ឋមន្រ្តីបានយល់ព្រមកាលពីម្សិលមិញនូវសំណើរបស់ក្រសួងហិរញ្ញវត្ថុដើម្បីខ្ចីប្រាក់ចំនួន ១.៥ ពាន់លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីជំរុញ និងស្តារសេដ្ឋកិច្ចឡើងវិញ។ គម្រោងខ្ចីប្រាក់នេះ គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាល ក្រោមព្រះរាជក្រឹត្យពីព្រះមហាក្សត្រក្នុងការខ្ចីប្រាក់ ១ ទ្រីលានបាតដើម្បីស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយវីរុស Covid-19។
ក្រសួងហិរញ្ញវត្ថុបានរាយការណ៍ទៅខុទ្ទកាល័យថា ខ្លួនត្រូវខ្ចីដើម្បីទូទាត់ឱនភាពថវិកាក្នុងឆ្នាំ ២០២១ ហើយរដ្ឋាភិបាលនៅតែត្រូវការយ៉ាងខ្លាំងដើម្បីជំរុញ និងស្ដារសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នានេះការចំណាយថវិកាប្រចាំឆ្នាំ២០២០ ត្រូវបានកំណត់ចំនួន ៣.២ ទ្រីលានបាត ដោយមានគោលដៅប្រាក់ចំណូលចំនួន ២.៧៣ ទ្រីលាន ដែលបណ្តាលឱ្យមានឱនភាពថវិកាចំនួន ៤៦៩ ពាន់លានបាត ហើយថវិកាឆ្នាំសារពើពន្ធក្នុងឆ្នាំនេះតំណាងឱ្យ ១៧.៩% នៃផលិតផលក្នុងស្រុកសរុប។

គួរបញ្ជាក់ផងដែរថា គណៈរដ្ឋមន្រ្តីកាលពីខែមិថុនាបានអនុម័តសេចក្តីព្រាងច្បាប់មួយសម្រាប់ឆ្នាំ២០២១ ក្នងការចំណាយថវិកាចំនួន ៣.៣ ទ្រីលានបាត និងប្រាក់ចំណូលចំនួន ២.៦៧ ពាន់លានបាតដែលធ្វើឱ្យមានឱនភាព ៦២៣ ពាន់លានដុល្លារ។ ជាមួយគ្នានេះក្រសួងហរិញ្ញវត្ថុ ក៏បានព្យាករណ៍សម្រាប់អនាគតដែលអាចមើលឃើញពីទីផ្សារប្រាក់ក្នុងស្រុកទំនងជានឹងមានភាពប្រែប្រួលខ្ពស់ជាងមុន ដោយសារតែតម្រូវការខ្ពស់ពីវិស័យឯកជននឹងជំរុញឱ្យមានសាច់ប្រាក់ងាយស្រួលនៅពេលវាប្រឈមនឹងផលប៉ះពាល់របស់វីរុស Covid-19 ។

លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍ថា រដ្ឋាភិបាលនៅតែមានកន្លែងដើម្បីទទួលបានប្រាក់កម្ចីក្រៅប្រទេសហើយក្រសួងហិរញ្ញវត្ថុមានសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យប្តូរប្រាក់បរទេស។ លោកស្រីបានបន្ថែមថា បន្ទាប់ពីគម្រោងប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានដោះស្រាយ សមាមាត្រនៃប្រាក់កម្ចីក្រៅប្រទេសទៅនឹងបំណុលសាធារណៈនឹងមានចំនួនតែ ២.៤៦% ដែលទាបជាងក្របខ័ណ្ឌនិរន្តរភាពសារពើពន្ធរបស់រដ្ឋាភិបាលដែលមាន ១០%។ ខណៈគិតត្រឹមថ្ងៃទី ២៤ ខែកក្កដាប្រាក់កម្ចីនៅក្រៅប្រទេសមានចំនួនសរុប ១៤០ ពាន់លានបាតស្មើនឹង ១.៩% នៃបំណុលសាធារណៈ៕
អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


