យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាទទួលបានតែភ្ញៀវទេសចរបរទេសប្រមាណ ១.១៨ លាននាក់នៅឆមាសទី១ នៃឆ្នាំ ២០២០ ដែលមានការធ្លាក់ចុះ ៦៥% បើធៀបនឹងឆ្នាំមុន។
ចាប់ពីខែមករា ដល់មិថុនា នៃឆ្នាំនេះភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ លើទីផ្សារទេសចរណ៍របស់កម្ពុជា។ ភ្ញៀវទេសចរចិនប្រមាណ ២៧៥,៦៧៣ នាក់បានមកទស្សនានៅកម្ពុជាក្នុងអំឡុងពេលនេះគឺធ្លាក់ចុះ ៧៩% ។ ភ្ញៀវទេសចរវៀតណាមឈរនៅលំដាប់ទី២ មានចំនួន ១៧៩,៦៨៩ នាក់មានការធ្លាក់ចុះ ៥៥% បន្ទាប់មកភ្ញៀវទេសចរថៃមានចំនួន ១៦១,០៨៤ នាក់មានការថយចុះ ៧.៦% ។

វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 ។ កាលពីពេលថ្មីៗនេះ ក្រសួងបានបើកកិច្ចប្រជុំជាមួយវិស័យឯកជនទេសចរណ៍ ដើម្បីបង្កើតយុទ្ធសាស្រ្តបន្តទទួលភ្ញៀវទេសចរអន្តរជាតិជាបណ្តើរៗ ក្នុងការធានាសុវត្ថិភាពពីជំងឺ Covid-19 ដែលហៅថា “Travel Bubble ឬ One way Closed-loop”។

ទន្ទឹមនឹងនេះ របាយការណ៍ក៏បានបញ្ជាក់ទៀតថា ភ្ញៀវទេសចរក្រៅស្រុករបស់កម្ពុជាបានធ្លាក់ចុះ ៦៩% ក្នុងរយៈពេល ៦ ខែដំបូងមកត្រឹម ៣១១,១៦៧ នាក់។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦.៦ លាននាក់កើនឡើង ៦.៦% បើធៀបនឹងឆ្នាំ ២០១៨ ៕
ប្រភព៖ ក្រសួងព័ត៌មាន


