រាជរដ្ឋាភិបាលនឹងរៀបចំតំបន់ជួរភ្នំក្រវាញ និងបឹងទន្លេសាបឲ្យមានសក្ដានុពលផ្នែកអេកូទេសចរណ៍ សំដៅនាំចំណូល និងបង្កើតការងារដល់ប្រជាជនក្នុងសហគមន៍ ក្រៅពីមុខរបរចូលព្រៃកាប់ឈើ និងបរបាញ់សត្វ។ នេះបើយោងតាមតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នេះ។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា រាជរដ្ឋាភិបាលបានឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍កំពុងរៀបចំយុទ្ធសាស្ត្រពង្រីកតំបន់អេកូទេសចរណ៍ទាំងនេះ ដោយអនុញ្ញាតឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិចូលទៅកម្សាន្តតំបន់នោះឱ្យបានច្រើន។

ជាមួយគ្នានេះឯកឧត្តម បានបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងបង្កើតលក្ខខណ្ឌឱ្យមានភាពកាន់តែប្រសើរដែលជំរុញដល់ការវិនិយោគផ្នែកទេសចរណ៍ធម្មជាតិឱ្យមានភាពទាក់ទាញ ដោយរៀបចំឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការតភ្ជាប់ផ្លូវ មជ្ឈមណ្ឌលភ្ញៀវទេសចរ និងសកម្មភាពពាក់ព័ន្ធនានាជាច្រើនទៀត។ ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយសម្រាប់អេកូទេសចរណ៍ ដោយអនុញ្ញាតឱ្យមានការចូលរួមទាំងប្រតិបត្តិករអេកូទេសចរណ៍ខ្នាតធំ និងតូច រួមទាំងការចូលរួមរបស់វិស័យឯកជនក្នុងសកម្មភាពអេកូទេសចរណ៍។

សូមជម្រាបផងដែរថា តំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាបគ្របដណ្តប់លើផ្ទៃដីជាង ៣.៨ លានហិកតា ត្រូវបានក្រុមធនាគារពិភពលោក ផ្តល់ការគាំទ្រផ្នែកថវិកា និងបច្ចេកទេស សម្រាប់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា » ក្នុងខេត្តគោលដៅមួយចំនួនមានដូចជា៖ ខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង កំពង់ស្ពឺ កំពង់ធំ សៀមរាប និងកំពង់ឆ្នាំង តាមរយៈជំរុញសកម្មភាពការពារព្រៃឈើ និងសត្វព្រៃក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃតាតៃ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ។

បើតាមអ្នកជំនាញរបស់ធនាគារពិភពលោក បានលើកឡើងថា ធនធានធម្មជាតិនៅតំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប ផ្តល់ទុនយ៉ាងសំខាន់សម្រាប់វិស័យអេកូទេសចរណ៍ ខណៈតាមការប៉ាន់ប្រមាណជាសកលបង្ហាញថា ភ្ញៀវផ្នែកអេកូទេសចរណ៍មានកំណើនប្រហែល ២០% ជាប្រចាំឆ្នាំ៕
ប្រភព៖ ក្រសួងព័ត៌មាន


