សិង្ហបុរី និងអាមេរិកធានាចែកចាយវ៉ាក់សាំង Covid-19 ទូទាំងពិភពលោកបើការអភិវឌ្ឍទទួលបានជោគជ័យ
សេដ្ឋកិច្ច August 4, 2020 Chan Sreyny

សិង្ហបុរី និងសហរដ្ឋអាមេរិកបានឯកភាពលើសារៈសំខាន់នៃការធានាថាវ៉ាក់សាំងការពារជំងឺ Covid-19 នឹងត្រូវបានផ្តល់ជូននៅទូទាំងពិភពលោក ដោយការឯកភាពនេះបានធ្វើឡើងនៅថ្ងៃទី ៤ ខែសីហា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia ។

ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយតាមទូរស័ព្ទថា លោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី និងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo អ្នកទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការ ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍការផលិត និងការចែកចាយវ៉ាក់សាំងការពារ Covid-19 ។ ពួកគេបាននិយាយអំពីលទ្ធភាពនៃការប្រើប្រាស់វត្តមានពាណិជ្ជកម្មដ៏ខ្លាំងរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសសិង្ហបុរីរួមទាំងផ្នែកឱសថផងដែរ។

ទន្ទឹមនឹងនេះ MFA បានបន្ថែមថា « ភាគីទាំងពីរស្វាគមន៍នូវវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មក៏ដូចជាការសម្របសម្រួលគយ ដែលនឹងបង្កើនពាណិជ្ជកម្មទ្វេភាគី និងពង្រឹងការចូលរួមផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍ »៕


អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia