រដ្ឋាភិបាលជប៉ុន នឹងផ្តល់ប្រាក់ជិត ១ លានដុល្លារដល់ក្រុមហ៊ុនរបស់ខ្លួនដែលគ្រោងនឹងចាប់ផ្តើមអាជីវកម្មថ្មីក្នុងប្រទេសឥណ្ឌា
សេដ្ឋកិច្ច August 4, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុន នឹងផ្តល់ប្រាក់ឧបត្ថម្ភសរុបប្រមាណ ១០០ លានយេន (ជាង​ ៩៤ ម៉ឺនដុល្លារ) ដល់ក្រុមហ៊ុនដែលគ្រោងនឹងចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងប្រទេសឥណ្ឌា ដោយសហការជាមួយក្រុមហ៊ុន IT ក្នុងស្រុក។

ជំនួយនេះនឹងត្រូវផ្តល់ដល់ក្រុមហ៊ុនប្រហែល ១០ រួមមាន៖ ក្រុមហ៊ុនផលិតឧបករណ៍អុបទិក Olympus និងក្រុមហ៊ុនយក្ស Suzuki ដែលជាផ្នែកមួយនៃភាពជាដៃគូ ឌីជីថលជប៉ុន-ឥណ្ឌា ដែលបានបង្កើតឡើងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងឆ្នាំ ២០១៨ ។ ថវិកានេះមានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការទាញយកធនធានមនុស្សឆ្នើមរបស់ឥណ្ឌាក្នុងវិស័យព័ត៌មានវិទ្យា។

ទ្ន្ទឹមនឹងនេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភសរុបប្រមាណ ១០០ លានយេន (ជាង​ ៩៤ ម៉ឺនដុល្លារ) ដល់ក្រុមហ៊ុនដែលរួមបញ្ចូលសមាជិកនៃឧស្សាហកម្មដូចជា៖ កសិកម្ម និងសម្លៀកបំពាក់ ដោយសង្ឃឹមថា ជំនួយនេះនឹងជួយបង្កើនភាពជឿជាក់ដល់អាជីវកម្មរបស់ពួកគេ និងជួយសម្រួលដល់ប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន Suzuki ក៏នឹងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌា និងអង្គការមិនមែនរដ្ឋាភិបាលឥណ្ឌា ដើម្បីបង្កើតប្រព័ន្ធត្រួតពិនិត្យចរាចរណ៍តាមរថយន្តក្រុងឆ្លងកាត់តំបន់ជនបទនៅឥណ្ឌា។

ប្រទេសជប៉ុន និងឥណ្ឌាបានបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូទ្វេរភាគី ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថលក្នុងឆ្នាំ ២០១៨ ។ ពួកគេមានគោលបំណងដើម្បីអភិវឌ្ឍអាជីវកម្មជឿនលឿនអន្តរជាតិដោយរួមបញ្ចូលគ្នា នូវសមត្ថភាពបច្ចេកទេស និងថវិការបស់ជប៉ុនជាមួយបច្ចេកវិទ្យាឌីជីថលរបស់ឥណ្ឌា។ ពួកគេក៏មានគម្រោងពង្រីកកិច្ចខិតខំប្រឹងប្រែង ដែលទទួលបានជោគជ័យទៅក្នុងតំបន់ផ្សេងទៀតនៅអាស៊ី និងអាហ្វ្រិកផងដែរ៕

អត្ថបទ៖​ នីតា
ប្រភព៖ nationthailand