ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សម្រួលនីតិវិធីផ្តល់កម្ចីដល់កសិករដែលខ្ចីម្តងហើយ អាចខ្ចីម្តងទៀតបាន
សេដ្ឋកិច្ច August 1, 2020 Chan Sreyny

ធនាគារអភិវឌ្ឍជនបទ និងកសិកម្មបានសម្រួលនីតិវិធីដោយផ្តល់លទ្ធកម្ចីដល់ប្រជាកសិករដែលខ្ចីម្តងហើយ អាចខ្ចីម្តងទៀតបាន ដើម្បីយកទៅពង្រីកអាជីវកម្ម ខណៈដែលរាជរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាចំនួន​​ ៥០លានដុល្លារដល់ធនាគារអភិវឌ្ឍន៍ និងកសិកម្មក្នុងការផ្តល់កម្ចីដល់ប្រជាកសិករ។

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាត់ថា (ARDB) បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ធនាគារបានសម្រួលនិតិវិធីដល់ប្រជាកសិករដែលបានខ្ចីលុយលើកទី១ហើយ អាចខ្ចីលុយលើកទី២ បានបន្តទៀត ដើម្បីពង្រីកនៅអាជីវកម្មរបស់ខ្លួន។ ឯកឧត្តមបន្តថា ក្នុងកម្ចីនេះត្រូវការរយៈពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ ដោយប្រជាកសិករមានឯកសារត្រឹមត្រូវ។

ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថា ករណីដែលអ្នកខ្ចីបានធ្វើការសងលុយមុនកាលកំណត់នោះ ធនាគារអភិវឌ្ឍន៍ជននិងកសិកម្ម គ្មានការពិន័យអ្វីនោះទេ ដោយធនាគារនឹងអាចមានប្រាក់បន្ថែមសម្រាប់ជួយដល់កសិករដ៏ទៃទៀត។ ឯកឧត្តមបានឲ្យដឹងទៀតថា ធនាគារក៏មានក្រុមការងារបច្ចេកទេសកសិកម្មផងដែរ ក្នុងការចុះជួយជាគំនិត ទាំងបច្ចេទេសនៃការដាំដុះ ការចិញ្ចឹម ព័ត៌មានទីផ្សារ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាកសិករមានដំណើរការល្អ និងមានលទ្ធភាពសម្រាប់សងលុយដល់ធនាគារវិញ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះធនាគារអភិវឌ្ឍជនបទនិងកសិកម្ម បានផ្តល់កម្ចីជាង ១០លានដុល្លារ ស្មើនឹងជាង១០០ អាជីវកម្ម ដើម្បីជួយលើកស្ទួយជីវភាព បងប្អូនប្រជាកសិករ បងប្អូនប្រជាសហគមន៍ ក្នុងការដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ ចញ្ចឹមត្រី និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម ខណៈដែលកម្ពុជានិងពិភពលោកជួបវិបត្តិកូវីដ១៩៕

ប្រភព៖ ក្រសួងព័ត៌មាន