កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងជប៉ុន-សមាជិកអាស៊ានចំនួន ៥ មាន ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាមចូលជាធរមាននៅថ្ងៃនេះ ខណៈកម្ពុជាជាមួយប្រទេសផ្សេងទៀតនឹងចូលតាមក្រោយ
សេដ្ឋកិច្ច August 1, 2020 Chan Sreyny

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានកែសម្រួលឡើងវិញរវាងប្រទេសជប៉ុន និងអាស៊ានជួយសម្រួលដល់លំហូរសេវាកម្មនិងការវិនិយោគឆ្លងកាត់ព្រំដែនបាន​ចូលជាធរមាននាថ្ងៃសៅរិ៍ ទី០១ ខែសីហានេះ។ កិច្ចព្រមព្រមព្រៀងនេះបានចូលជាធរមានសម្រាប់ប្រទេសជប៉ុននិងសមាជិកអាស៊ានចំនួន ៥ គឺប្រទេសឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម។ ខណៈសមាជិក ៥ ទៀតគឺ ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន នឹងចូលរួមនៅពេលពួកគេបញ្ចប់នីតិវិធីក្នុងស្រុក។

គួរឲ្យដឹងផងដែរថា អាស៊ានទាំងមូលគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់ជប៉ុនបន្ទាប់ពីប្រទេសចិនដោយការនាំចេញទៅកាន់ប្លុកមានចំនួនសរុប ១២.៦ ទ្រីលានយ៉េន (១២០ ពាន់លានដុល្លារ) នៅឆ្នាំ២០១៨ និងការនាំចូលមានចំនួន ១២.៤ ទ្រីលានយ៉េននេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុ។ ជាមួយគ្នានេះអាស៊ាន គឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនជប៉ុនក៏ដូចជាបណ្តាញភ្ជាប់ដ៏សំខាន់នៅក្នុងចង្វាក់ផ្គត់ផ្គង់ ដែលមានក្រុមហ៊ុនជាច្រើនបង្កើតរោងចក្រនៅក្នុងតំបន់ ដើម្បីទាញយកអត្ថប្រយោជន៍ ពីកម្លាំងពលកម្មថោក។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដើមជាមួយអាស៊ានបានចូលជាធរមានក្នុងឆ្នាំ២០០៨ ដែលបានក្លាយជាកតិកាពាណិជ្ជកម្មសេរីពហុភាគីដំបូងគេរបស់ជប៉ុន។ វាត្រូវបានគេផ្តោតលើការលុបបំបាត់ពន្ធគយលើទំនិញ ប៉ុន្តែបានផ្តល់សម្រាប់ការចរចារបន្ថែមទៀតលើសេវាកម្ម និងការវិនិយោគ។ ហើយការចរចាទាំងនោះបានចាប់ផ្តើមក្នុងឆ្នាំ២០១០ ដោយមានការឯកភាពគ្នានៅថ្នាក់រដ្ឋមន្រ្តីក្នុងឆ្នាំ២០១៧ ។

យោងតាមកតិកាសញ្ញាដែលបានធ្វើវិសោធនកម្ម ប្រទេសដែលជាសមាជិកត្រូវបានទាមទារដើម្បីរក្សាតម្លាភាពក្នុងការធ្វើនិយតកម្មសេវាកម្ម និងមិនរើសអើងវិនិយោគិនបរទេស។ វាក៏បង្កើតយន្តការដោះស្រាយវិវាទសម្រាប់ក្រុមហ៊ុនដើម្បីប្តឹងរដ្ឋាភិបាលពីការប្រព្រឹត្តមិនស្មើភាពគ្នា ក៏ដូចជាច្បាប់សម្រាប់អ្នកទេសចរបរទេសចូល និងស្នាក់នៅក្នុងប្រទេសដទៃទៀត។ ដោយច្បាប់នេះមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយជប៉ុន។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាស៊ានក្នុងឆ្នាំ២០០៨ ប្រទេសជប៉ុនបានជំរុញទៅមុខជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីដទៃទៀតដូចជា កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលមានសមាជិកចំនួន ១១ នាក់ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជាមួយសហភាពអឺរ៉ុប។

ក្រៅពីនេះប្រទេសជប៉ុនក៏ចូលរួមផងដែរនៅក្នុងការចរចារសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាកតិកាសញ្ញាពាណិជ្ជកម្មសេរីដែលនឹងរួមបញ្ចូលអាស៊ានរួមជាមួយប្រទេសដទៃទៀតរួមមាន ចិន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។ ហើយការចរចាលើកិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ថា RCEP នេះ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំនេះ បើទោះបីការដកខ្លួនចេញពីប្រទេសឥណ្ឌាបណ្តាលឱ្យមានភាពមិនប្រាកដប្រជាក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost