យោងតាមទិន្នន័យផ្លូវការណ៍មួយបានបង្ហាញកាលពីថ្ងៃទី២៨ ថាការនាំចេញរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ៨.៨% ស្មើនឹង ៨២.៨៧ ពាន់លានរីងហ្គីដ (ប្រហែល ១៩.៥ ពាន់លានដុល្លារ) ដែលបង្ហាញពីសញ្ញានៃការងើបឡើងវិញ បន្ទាប់ពីមានការប៉ះពាល់ដោយ Covid-19 ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពាណិជ្ជកម្មសរុបនៅក្នុងខែមិថុនា បានកើនឡើង ២.២% បើធៀបនឹងឆ្នាំមុនស្មើនឹង ៣៤ ពាន់លានដុល្លារ ដែលជំរុញដោយកំណើនពាណិជ្ជកម្មជាមួយចិន សហរដ្ឋអាមេរិក និងវៀតណាម។ ក្រសួងបានបន្ថែមថា « លទ្ធផលល្អប្រសើរនេះ គឺស្របទៅនឹងការដកការរឹតត្បិតជាបណ្តើរៗ ដោយសារជំងឺរាតត្បាតនៅប្រទេសម៉ាឡេស៊ី និងនៅទូទាំងពិភពលោក »។

ទោះជាយ៉ាងណា ការនាំចូលបានធ្លាក់ចុះ ៥.៦% ស្មើនឹង ១៤ ពាន់លានដុល្លារដែលធ្វើឲ្យអតិរេកពាណិជ្ជកម្មកើនឡើង ៤ ពាន់លានដុល្លារកាលពីខែមិថុនា។ ការនាំចេញទំនិញ ដែលមានចំនួន ៨៧.៥% នៃការនាំចេញសរុបបានកើនឡើង ១៣.៧% បើធៀបនឹងឆ្នាំមុន ដោយសារតែតម្រូវការអគ្គិសនី និងផលិតផលអេឡិចត្រូនិក (E&E) កើនឡើងខ្ពស់ និងការនាំចេញទំនិញកសិកម្មបានកើនឡើង ៣០% ។ ការនាំចេញរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិន បានបន្តពង្រីកក្នុងរយៈពេល ៣ ខែជាប់គ្នាពោលគឺកើនឡើង ៤៦.៨% នៅក្នុងខែមិថុនា។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចសង្គមរបស់ម៉ាឡេស៊ីលោក Lee Heng Guie មានប្រសាសន៍ថា ការនាំចេញនៅខែមិថុនា កាន់តែប្រសើរជាងការរំពឹងទុកក្នុងការដឹកជញ្ជូន និងការបញ្ជាទិញត្រឡប់មកវិញក្នុងអំឡុងពេលមានវិធានការរឹតត្បិត ដែលរដ្ឋាភិបាលបានដាក់ចេញជាពិសេសសម្រាប់ E&E ក៏ដូចជាតម្លៃប្រេងដូងឆៅ។ គួរបញ្ជាក់ផងដែរថា សម្រាប់ឆមាសទី១ ពាណិជ្ជកម្មសរុបរបស់ម៉ាឡេស៊ីបានធ្លាក់ចុះ ៧% ជាមួយនឹងការនាំចេញធ្លាក់ចុះ ៦.៨% ៕
អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


