ប្រទេសកូរ៉េខាងត្បូងនឹងស្វែងរកមធ្យោបាយ ដើម្បីបន្តការអនុញ្ញាតឱ្យពលករបរទេសស្នាក់នៅក្នុងប្រទេសរបស់ខ្លួន ក្នុងគោលបំណងដើម្បីកាត់បន្ថយកង្វះខាតកម្លាំងពលកម្មក្នុងតំបន់កសិកម្ម និងតំបន់ផ្សេងទៀត ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីកូរ៉េកាលពីថ្ងៃទី ២៩ ។
លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានថ្លែងនៅក្នុងកិច្ចប្រជុំថា « រដ្ឋាភិបាលនឹងជំរុញឱ្យមានវិធានការដើម្បីពន្យារការអនុញ្ញាតិឱ្យស្នាក់នៅសម្រាប់ពលករបរទេស និងអនុញ្ញាតឱ្យពួកគេធ្វើការនៅតាមតំបន់កសិកម្មជាដើម »។ លោក Chung បានលើកឡើងពីកង្វះខាតកម្លាំងពលកម្ម ដែលបានរាយការណ៍នៅក្នុងតំបន់ធ្វើកសិកម្មដែលជាហេតុផលមួយ សម្រាប់វិធានការណ៍ដែលបានគិតទុកជាមុន។ លោកបានកត់សម្គាល់ថា បន្ទាប់ពីមានការគ្របដណ្តប់ដោយ Covid-19 តំបន់កសិកម្មកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរមុនរដូវប្រមូលផលមកដល់។

ទន្ទឹមនឹងនេះ លោក Chung បានបន្ថែមថា ពលករបរទេសជាច្រើនឥឡូវនេះមិនអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញបានទេ បើទោះបីជាការអនុញ្ញាតឱ្យស្នាក់នៅបានផុតកំណត់ក៏ដោយ ដោយសារការបិទទ្វារប្រទេសរបស់ពួកគេ ឬការលុបចោលជើងហោះហើរ។ ប្រសិនបើការអនុញ្ញាតឱ្យស្នាក់នៅរបស់កម្មករទាំងនោះត្រូវបានពន្យារ ពួកគេអាចទទួលបានការងារតាមរដូវ ឬធ្វើការនៅតាមតំបន់កសិកម្ម។ កូរ៉េខាងត្បូងគ្រោងនឹងបង្កើនវិធានការណ៍ដាច់ដោយឡែក សម្រាប់នាវិកដែលមកពីប្រទេសរុស្ស៊ី និងបណ្តាប្រទេសដទៃទៀតដែលស្ថិតនៅក្នុងបញ្ជីប្រទេសនៃទីក្រុងសេអ៊ូល ដែលស្ថិតនៅក្រោមការគ្រប់គ្រងការធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះកូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីនាំចូលជិត ៩០ ករណីដែលជាប់ទាក់ទងនឹងនាវារុស្ស៊ី ដែលចូលចតនៅក្នុងប្រទេសចាប់តាំងពីខែមិថុនា។ ប្រទេសនេះបានដាក់ប្រទេសចំនួន ៦ គឺបង់ក្លាដែស ប៉ាគីស្ថាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ហ្វីលីពីន និងអ៊ូសបេគីស្ថានក្នុងបញ្ជីដែលមានហានិភ័យខ្ពស់។ រដ្ឋមន្រ្តីបានបញ្ជាក់ថា នៅសប្តាហ៍នេះរដ្ឋាភិបាលក៏មានផែនការដឹកកម្មករកូរ៉េចំនួន ៧០ នាក់បន្ថែមទៀតពីប្រទេសអ៊ីរ៉ាក់ដែលរងគ្រោះដោយ Covid-19 ។ ជនជាតិកូរ៉េជិត ៤០០ នាក់ដែលភាគច្រើនជាកម្មករនៅក្នុងការដ្ឋានសំណង់នៅក្នុងប្រទេសអ៊ីរ៉ាក់ បានវិលត្រឡប់មកផ្ទះវិញនៅក្នុងបេសកកម្មជម្លៀសកាលពីលើកមុន៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


