រដ្ឋាភិបាលចិនផ្ដល់ប្រាក់កម្ចីសម្បទានប្រមាណ ៨០ លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់អនុវត្តគម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនីដើម្បីភ្ជាប់ភូមិចំនួន ១៣៣ ក្នុងខេត្តចំនួន ១៤ ទៅបណ្តាញអគ្គិសនី។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកិច្ចព្រមព្រៀងស្តីពីគម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនីនេះ ស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងអាទិភាពចំនួន ៨ ដែលនឹងត្រូវចុះហត្ថលេខានៅក្នុងខែសីហា។
ជាមួយគ្នានេះ កិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខាត្រូវបានបង្ហាញនៅក្នុងគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងកម្ពុជា – ចិនដែលបានធ្វើឡើងកាលពីសប្ដាហ៍មុន ក្រោមអធិបតីភាពឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។

យោងតាមប្រសាសន៍របស់ឯកឧត្តម Victor Jona អគ្គនាយករងថាមពល និងអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា គម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនីនឹងរួមចំណែកដល់ភូមិដែលមានអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេសដែលកំណត់ដោយរដ្ឋាភិបាល។ ដោយគម្រោងនៅតំបន់ជនបទចំណាយថវិកា ៨២ លានដុល្លារដែលនឹងត្រូវប្រើសម្រាប់សាងសង់បណ្តាញបញ្ជូនអគ្គិសនីប្រវែង ២,៩៧០ គីឡូម៉ែត្រ។ ក្នុងចំណោមថវិកានោះ ថវិកា ៥% នឹងបានមកពីរដ្ឋាភិបាល ហើយថវិកាដែលនៅសល់គឺបានមកពីប្រាក់កម្ចីសម្បទានរបស់ប្រទេសចិន។

ឯកឧត្តមបានបន្តថា គម្រោងនេះរួមមានបណ្តាញបញ្ជូនអគ្គិសនី ២២ គីឡូវ៉ាត់ និង ៣៥ គីឡូវ៉ាត់ដែលមានប្រវែងសរុប ២,៩៧០ គីឡូម៉ែត្រ ដែលនឹងគ្របដណ្តប់លើ ១៣៣ ភូមិ ក្នុងខេត្តចំនួន ១៤ រួមមានខេត្តឧត្តរមានជ័យ សៀមរាប បាត់ដំបងប៉ៃលិន ពោធិ៍សាត់ ក្រចេះ ព្រៃវែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ឆ្នាំង ស្ទឹងត្រែង តាកែវ និងកំពត។ ជាមួយគ្នានេះតាមការប្រាប់បន្ថែមរបស់ឯកឧត្តម គម្រោងនេះនឹងត្រូវបានអនុវត្តភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងបានចុះហត្ថលេខារួច៕
ប្រភព៖ ក្រសួងព័ត៌មាន


