ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ចិន បានស្ទុះងើបឡើងវិញនៅត្រីមាសទី២ ដោយសារសកម្មភាពអាជីវកម្មនៅតែបន្តកើនឡើង ប៉ុន្តែការងើបឡើងវិញនៅតែប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារតែការរីករាលដាលនៃ Covid-19 នៅទូទាំងពិភពលោក។
ការិយាល័យស្ថិតិជាតិ (NBS) បាននិយាយកាលពីថ្ងៃទី ២៧ ថានៅក្នុងត្រីមាសទី២ ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មដែលមានប្រាក់ចំណូលប្រចាំឆ្នាំជាង ២០ លានយ័ន (ប្រហែល ២.៨៦ លានដុល្លារ) បានកើនឡើង ៤.៨% បើធៀបនឹងឆ្នាំមុន ដែលផ្ទុយពីការធ្លាក់ចុះ ៣៦.៧% នៅក្នុងត្រីមាសទី១។ លោក Zhu Hong អ្នកស្ថិតិជាន់ខ្ពស់របស់ NBS បាននិយាយថា នៅក្នុងខែមិថុនា សហគ្រាសឧស្សាហកម្មធំៗបានមើលឃើញពីប្រាក់ចំណេញរបស់ពួកគេកើនឡើង ១១.៥% ។

នៅក្នុងត្រីមាសទី២ ប្រាក់ចំណេញក្នុងវិស័យឧស្សាហកម្មចំនួន ៣៧ នៃវិស័យឧស្សាហកម្មទាំង ៤១ ដែលត្រូវបានការស្ទង់មតិបានបង្ហាញពីភាពប្រសើរបើប្រៀបធៀបទៅនឹងត្រីមាសទី១ ដោយ ២៥ ក្នុងចំណោមនោះបានរាយការណ៍ពីកំណើនប្រាក់ចំណេញ។ គ្រឿងបរិក្ខារ និងផលិតកម្មបច្ចេកវិទ្យាស្ថិតក្នុងចំណោមវិស័យឧស្សាហកម្មមើលឃើញការស្ទុះងើបឡើងវិញ ដែលទទួលបានប្រាក់ចំណេញក្នុងការផលិតបច្ចេកវិទ្យាបានកើនឡើង ៣៤.៦% ធៀបនឹងឆ្នាំមុន ដោយងើបពីការធ្លាក់ចុះ ១៧.១% នៅក្នុងត្រីមាសទី១។

ទន្ទឹមនឹងនេះ លោក Zhu បានបន្ថែមថា ទោះបីជាមានការងើបឡើងវិញក៏ដោយ សហគ្រាសនៅតែប្រឈមមុខនឹងការលំបាកក្នុងការផលិត និងប្រតិបត្តិការរបស់ពួកគេនៅពេលការរីករាលដាលនៃជំងឺរាតត្បាតបានធ្វើឱ្យតម្រូវការថយចុះ។ លោកកត់សំគាល់ថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មធំៗបានធ្លាក់ចុះ ១២.៨% នៅក្នុងឆមាសទី ១ នៃឆ្នាំនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


