វៀតណាមនាំមុខថៃក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក
សេដ្ឋកិច្ច July 29, 2020 Chan Sreyny

ប្រទេសវៀតណាមនាំមុខប្រទេសថៃ ក្នុងការនាំអង្ករចេញនៅឆ្នាំនេះ ដោយសារតម្លៃប្រកួតប្រជែង និងការដកកូតានាំចេញអង្ករ។ ស្ថិតិរបស់សមាគមអ្នកនាំចេញអង្ករថៃបង្ហាញថា ប្រទេសថៃបាននាំចេញអង្ករចំនួន ២.៥៧ លានតោន ដែលមានតម្លៃ ៥៤.២ ពាន់លានបាត (១.៧១ ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ៣១.៩% លើបរិមាណនិង ១៣.២% គិតជាតម្លៃបើធៀបនឹងឆ្នាំមុន។

ទន្ទឹមនឹងនេះ វៀតណាមបាននាំចេញអង្ករជិត ២.៩ លានតោនក្នុងតម្លៃ ១.៤១ ពាន់លានដុល្លារកើនឡើង ៥.១% ក្នុងបរិមាណ និង ១៨.៩% គិតជាតម្លៃ នេះបើយោងតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) ។ សមាគមថៃបាននិយាយថា បរិមាណនាំចេញអង្កររបស់ថៃនៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានត្រឹមតែ ៦.៥ លានតោនប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ១ ទសវត្ស និងស្ថិតនៅក្រោមគោលដៅ ៧.៥ លានតោន។ ការធ្លាក់ចុះនេះបណ្តាលមកពីការថយចុះនៃតម្រូវការពិភពលោកក្រោមផលប៉ះពាល់នៃជំងឺរាតត្បាត, ការឡើងថ្លៃនៃប្រាក់បាត និងទិន្នផលទាបជាងមុនដោយសារគ្រោះរាំងស្ងួត។

បច្ចុប្បន្នថៃជាប់ចំណាត់ថ្នាក់ទី៣ ក្នុងការនាំចេញអង្ករបន្ទាប់ពីប្រទេសឥណ្ឌា និងវៀតណាម។ ក្រុមអ្នកជំនាញបានព្យាករណ៍ថា ប្រទេសថៃទំនងជានឹងធ្លាក់ពីលំដាប់ទី៣ ដល់លំដាប់ទី៥ នៅក្នុងបញ្ជីនៃក្រុមហ៊ុននាំចេញអង្ករពិភពលោកនៅទសវត្សរ៍ក្រោយនេះ លើកលែងតែប្រទេសនេះអនុវត្តគោលនយោបាយរយៈពេលវែង ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ស្បៀងអាហារឡើងវិញ។ វៀតណាមបានទទួលជោគជ័យក្នុងការលក់អង្ករក្នុងតម្លៃថោកជាងថៃ ហើយថ្មីៗនេះខ្លួនបានឈ្នះកិច្ចសន្យានាំចេញទំនិញទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ ចិន ហុងកុង ហ្វីលីពីន និងម៉ាឡេស៊ី។

លើសពីនេះទៅទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាមត្រូវបានគេរំពឹងថានឹងជួយវៀតណាមធ្វើពិពិធកម្មទីផ្សារស្រូវរបស់ខ្លួន។ គួរកត់សម្គាល់ថាក្រៅពីការបែងចែកកូតាអង្ករ ២០,០០០ តោនដល់សមាជិកទាំងអស់នៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំនេះ សាធារណរដ្ឋកូរ៉េបានផ្តល់កូតាអង្ករចំនួន ៥៥,១១២ តោនសម្រាប់វៀតណាម។ កត្តាទាំងនេះបានជួយវៀតណាមយកឈ្នះលើប្រទេសថៃ និងទទួលបានចំណាត់ថ្នាក់លេខ ២ នៅពីក្រោយឥណ្ឌា៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus