រហូតមកដល់ពេលនេះរដ្ឋាភិបាលឥណ្ឌូនេស៊ី បានចំណាយថវិកាជិត ១ ភាគ ៥ នៃថវិកាជម្រុញរបស់ខ្លួន ដើម្បីទប់ទល់នឹងផលប៉ះពាល់សុខភាព និងសេដ្ឋកិច្ចdoyជំងឺរាតត្បាត ខណៈដែលប្រធានាធិបតី Joko “Jokowi” Widodo អំពាវនាវឱ្យមានការពន្លឿននៃកម្មវិធីស្តារសេដ្ឋកិច្ចជាតិ។
លោក Budi Gunadi Sadikin ប្រធានក្រុមការងារស្តារសេដ្ឋកិច្ចជាតិបាននិយាយកាលពីថ្ងៃទី ២៧ ថាប្រទេសឥណ្ឌូនេស៊ីបានចំណាយ ១៩% នៃទឹកប្រាក់ ៦៩៥.២ ទ្រីលានរូពី (៤១.៨ ពាន់លានដុល្លារអាមេរិក) គិតត្រឹមថ្ងៃទី ២២ ខែកក្កដា។ សម្រាប់ជំនួយសង្គមរដ្ឋាភិបាលបានចំណាយ ៣៨% នៃការបែងចែកផ្សេងៗ និងបានចំណាយ ១៣% សម្រាប់ជួយដល់អាជីវកម្មដែលងាយរងគ្រោះ និង ៦.៥% សម្រាប់ក្រសួង និងទីភ្នាក់ងាររបស់រដ្ឋាភិបាល។

ទន្ទឹមនឹងនេះ លោក Budi បានបន្ថែមទៀតថា « លោកប្រធានាធិបតីបាន បញ្ជាឱ្យយើងបង្កើនការចំណាយនៃកម្មវិធីស្តារសេដ្ឋកិច្ចជាតិ ដែលរដ្ឋាភិបាលបានរៀបចំ »។ ជំងឺរាតត្បាត Covid-19 បានធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីថយចុះមកនៅត្រឹម ២.៩៧% បើធៀបទៅនឹងឆ្នាំមុនក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០។ រដ្ឋាភិបាលរំពឹងថា ប្រទេសនេះនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងត្រីមាសទី៣ ។

លើសពីនេះទៅទៀត រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Airlangga Hartarto ដែលជាប្រធានក្រុមការងារបាននិយាយកាលពីថ្ងៃទី ២៧ ថារដ្ឋាភិបាលគ្រោងនឹងត្រៀមថវិកាចំនួន ២០៦ លានដុល្លារបន្ថែមទៀត សម្រាប់ឧបត្ថម្ភដល់អគ្គិសនីសម្រាប់អតិថិជននៅក្នុងវិស័យសង្គមសាជីវកម្ម និងផលិតកម្មដើម្បីទូទាត់វិក្កយបត្រអប្បបរមារបស់ពួកគេ។ បើគ្មានការឧបត្ថម្ភអតិថិជនក្រុមហ៊ុនសាជីវកម្ម និងអ្នកផលិតនឹងត្រូវបង់ប្រាក់អប្បបរមាចំនួន ៣៨៥ លានដុល្លារសម្រាប់ឆមាសទី ២ នៃឆ្នាំនេះ។ ដូច្នេះការប្រើប្រាស់អគ្គិសនីរបស់ពួកគេ នឹងចំណាយតិចជាងពាក់កណ្តាល៕

អត្ថបទ៖ នីតា
ប្រភព៖ thejakartapost


