ប្រទេសអូស្រ្តាលី បានព្រមានកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចរបស់ខ្លួននឹងធ្លាក់ចុះក្នុងល្បឿនលឿនបំផុតក្នុងប្រវត្តិសាស្ត្រ នៅអំឡុងពេលត្រីមាសទី២ ខណៈឱនភាពថវិកានឹងមានចំនួនច្រើនបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ នៅពេលដែលប្រទេសនេះកំពុងព្យាយាមទប់ទល់នឹងផលប៉ះពាល់នៃជំងឺ Covid-19 ។
រដ្ឋាភិបាលអូស្ត្រាលីបានចំណាយថវិការាប់ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលបានធ្វើឱ្យអន្តរាយដល់ពាណិជ្ជកម្មពិភពលោក និងបានបង្ខំឱ្យបិទប្រទេសជាច្រើននៅដើមឆ្នាំនេះ ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ ការរៀបចំឡើងវិញនៃការចាក់សោរយៈពេល ៦ សប្តាហ៍ទៅលើប្រជាជនចំនួន ៥ លាននាក់នៅក្នុងទីក្រុង Melbourne ដែលជាទីក្រុងធំបំផុតទី២ បានបន្ថែមបន្ទុកដល់ប្រទេសមួយនេះ បន្ទាប់បានរួចផុតពីគ្រោះរាំងស្ងួតដែលអូសបន្លាយពេល និងភ្លើងឆេះព្រៃយ៉ាងខ្លាំងមុនពេលដែលជំងឺនេះបានវាយប្រហារ។

ទន្ទឹមនឹងនេះ ក្រុមមន្រ្តីបាននិយាយថា ផលិតផលក្នុងស្រុកសរុបនឹងធ្លាក់ចុះ ៧% នៅក្នុងខែមេសា ដល់ខែមិថុនា ដែលជំរុញឱ្យសេដ្ឋកិច្ចធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិត ៣ ទសវត្សរ៍។ វិបត្តិសេដ្ឋកិច្ចត្រូវបានកំណត់ថា ជាការធ្លាក់ចុះ ២ ត្រីមាសជាប់គ្នាហើយសេដ្ឋកិច្ចបានធ្លាក់ចុះ ០.៣% ក្នុងរយៈពេល ៣ ខែដំបូង។ ភាពអត់ការងារធ្វើនាពេលបច្ចុប្បន្នស្ថិតក្នុងកម្រិតខ្ពស់ ៧.៤% ដែលមានរយៈពេល ២ ទសវត្សរ៍ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៩.៣% នៅក្នុងខែធ្នូ។ ប្រាក់ដុល្លារអូស្រ្តាលីបានធ្លាក់ចុះ ០.៣% កាលពីពេលថ្មីៗនេះ។

ហេរញ្ញិក Josh Frydenberg មានប្រសាសន៍ថា « ចំនួនដ៏អាក្រក់ទាំងនេះឆ្លុះបញ្ចាំងពីតថភាពដ៏កាចសាហាវ ដែលយើងបានប្រឈមមុខ ដោយទស្សនវិស័យសេដ្ឋកិច្ចនៅតែមិនទាន់ច្បាស់នៅឡើយ »។ លោកបានបន្ថែមថា រដ្ឋាភិបាលបានផ្តល់ថវិកាប្រមាណ ២០៦ ពាន់លានដុល្លារដើម្បីជំរុញសេដ្ឋកិច្ច និងដើម្បីការពារប្រទេសពីការឆ្លងជំងឺនេះរួមទាំងការគាំទ្រដល់កម្មករ អាជីវកម្ម និងអ្នកចូលនិវត្តន៍។

ទោះបីជាយ៉ាងនេះក្ដី រដ្ឋាភិបាលកំពុងព្យាករណ៍ពីការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងសេដ្ឋកិច្ចដែលនឹងវិលត្រឡប់ទៅរកកំណើននៅក្នុងត្រីមាសទី៣ ដោយសារការបន្ធូរបន្ថយការរឹតត្បិតនាំមកនូវសកម្មភាពឡើងវិញ។ លោក Frydenberg បានព្យាករណ៍ថាផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ២.៥% នៅឆ្នាំ ២០២១ ដោយផ្អែកលើការសន្និដ្ឋានថាព្រំដែនអន្តរជាតិនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែមករា។គួរបញ្ជាក់ផងដែរថា នៅអូស្រ្តាលីមានករណីឆ្លងជំងឺ Covid-19 ជាង ១៣,០០០ ករណីនិងស្លាប់ ១៣៣ នាក់៕
អត្ថបទ៖ នីតា
ប្រភព៖ thejakartapost


