បន្ទាប់ពី Spotify និង Netflix ឥណ្ឌូណេស៊ីកំពុងស្វែងរកការប្រមូលអាករលើតម្លៃបន្ថែម (VAT) ពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត
សេដ្ឋកិច្ច July 27, 2020 Chan Sreyny

ឥណ្ឌូនេស៊ី៖ អគ្គនាយកដ្ឋានពន្ធដារកំពុងពិភាក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ដើម្បីប្រមូលពន្ធលើតម្លៃបន្ថែម (VAT) លើការលក់បន្ទាប់ពីថ្មីៗនេះបានដាក់ចេញនូវច្បាប់បែបនេះទៅលើក្រុមហ៊ុនចំនួន ៦ រួមមានក្រុមហ៊ុន Amazon និងប្រព័ន្ធផ្សព្វផ្សាយ Netflix ។

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានលោក Hestu Yoga Saksama បាននិយាយថា ការិយាល័យពន្ធកំពុងស្ថិតក្នុងដំណើរការចរចាជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីធានាថាពួកគេត្រៀមខ្លួន និងព្រមទទួលយកច្បាប់ថ្មីនេះ។ លោកបានបន្តថា ឥណ្ឌូនេស៊ីជឿជាក់ថាក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននឹងប្រមូលពន្ធលើតម្លៃបន្ថែមនៅឆ្នាំនេះ។ ប៉ុន្តែទោះយ៉ាងណាលោកបានបដិសេធមិនប្រាប់ឈ្មោះក្រុមហ៊ុនឬបង្ហាញពីចំនួនទឹកប្រាក់ដែលរដ្ឋាភិបាលរំពឹងថានឹងទទួលបានពីគោលនយោបាយបែបនេះឡើយ។

យោងតាមច្បាប់ថ្មីក្រុមហ៊ុនបរទេសដែលលក់ផលិតផល និងសេវាកម្មឌីជីថលនៅក្នុងប្រទេសឥណ្ឌូនេស៊ីមានតម្លៃយ៉ាងតិច ៦០០ លានរូពី (៤១,០៣៨ ដុល្លារ) ក្នុងមួយឆ្នាំ ឬ បង្កើតចរាចរណ៍ប្រចាំឆ្នាំពីអ្នកប្រើប្រាស់យ៉ាងតិច ១២,០០០ នាក់នឹង តម្រូវឲ្យ បង់ពន្ធអាករ ១០%។ ក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ (OTT) ដែលត្រូវបានតែងតាំងដោយការិយាល័យពន្ធដារជាអ្នកប្រមូលអាករលើតម្លៃបន្ថែមត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រមូលពន្ធនៅខែសីហា។

ជាមួយគ្នានេះពន្ធអាករត្រូវបានកំណត់លើការលក់ក្រុមហ៊ុនបច្ចេកវិទ្យារួមមាន ក្រុមហ៊ុន Amazon Web Services, Netflix, សេវាកម្មផ្សាយតន្រ្តី Spotify ក៏ដូចជា Google Alphabet សម្រាប់ Google Asia Pacific, Google Ireland និង Google LLC ។

គួរបញ្ជាក់ងដែរថា រដ្ឋាភិបាលបាននិងកំពុងពុះពារដើម្បីប្រមូលប្រាក់ចំណូលបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ឱនភាពថវិកាដែលកំពុងកើនឡើងរបស់ខ្លួនគឺចំនួន ៦.៣៤% នៃផលិតផលក្នុងស្រុកសរុប នៅពេលដែលជំងឺរាតត្បាតគ្របដណ្តប់លើលើអាជីវកម្ម ដែលជំរុញឱ្យរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តពន្ធចំនួន ១២០ ទ្រីលានរូពី៕

អត្ថបទ៖ លីនី
ប្រភព៖ thejakartapost