UN៖ អត្រាភាពក្រីក្រនៅលើពិភពលោកបានកើនឡើងខ្លាំងជាលើកទី១ ក្នុងរយៈពេល ២២ ឆ្នាំដោយសារ Covid-19
សេដ្ឋកិច្ច July 25, 2020 Chan Sreyny

អង្គការសហប្រជាជាតិ (UN) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ចំនួនប្រជាជនដែលធ្លាក់ចូលក្នុភាពភាពក្រីក្រនៅទូទាំងពិភពលោក ត្រូវបានគេរំពឹងថានឹងកើនឡើងនៅឆ្នាំនេះជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំដោយសារជំងឺរាតត្បាត Covid-19 ។

សមាមាត្រនៃប្រជាជនពិភពលោក ដែលរស់នៅក្រោមចំណូល ១.៩០ ដុល្លារក្នុងមួយថ្ងៃ ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងដល់ ៨.៨% នៅឆ្នាំ ២០២០ បន្ទាប់ពី ៨.២% ក្នុងឆ្នាំ ២០១៩ នេះបើយោងតាម របាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ ២០២០ ដែលចេញផ្សាយកាលពីដើមខែនេះ ដោយមន្ទីសេដ្ឋកិច្ច និងសង្គមកិច្ច (U.N.)។ អត្រានៃភាពក្រីក្រខ្លាំង ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៨ នៅពេលដែលបានកើនឡើង ០.៤% ដល់ ២៩.៧% បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ី កាលពីឆ្នាំមុន ដែលបានចាប់ផ្តើមនៅក្នុងប្រទេសថៃ និងបានជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងខ្លាំងនៅក្នុងតំបន់។

ការប៉ាន់ស្មានចុងក្រោយ គឺខ្ពស់ជាងការព្យាករណ៍ដំបូង ៧.៧% ដែលបានធ្វើឡើងមុនពេលមានជំងឺរាតត្បាត ដោយរបាយការណ៍បានព្យាករណ៍ថា ប្រជាជនប្រមាណ ៧១ លាននាក់នឹងត្រូវបានធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំងបំផុតនៅឆ្នាំនេះ ដោយសារការរីករាលដាលនៃ Covid-19 ត្រូវបានគេកំណត់ថា ការធ្លាក់ចុះសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចនៅទសវត្សឆ្នាំ ១៩៣០ ។ ភាគច្រើននៃប្រជាជន ៧១ លាននាក់ គឺជាកម្មករដែលពឹងផ្អែកលើសេដ្ឋកិច្ចក្រៅផ្លូវការ ដែលប្រាក់ចំណូលរបស់ពួកគេត្រូវបានគេប៉ាន់ស្មានថាបានធ្លាក់ចុះ ៦០% នៅក្នុងខែដំបូងនៃវិបត្តិនេះ។

ទន្ទឹមនឹងនេះស្ត្រី និងកុមារជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ស្ថិតក្នុងចំណោមអ្នកដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត នៃផលប៉ះពាល់ដោយជំងឺរាតត្បាតនេះដែរ។ ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមចំនួន ១១៨ ប្រទេសអាចមើលឃើញការកើនឡើងពី ៩.៨% ទៅ ៤៤.៨% ចំពោះការស្លាប់របស់កុមារអាយុក្រោម ៥ ឆ្នាំ និង ៨.៣% ទៅ ៣៨.៦% ចំពោះការស្លាប់របស់មាតាក្នុងរយៈពេល ៦ ខែក្នុងឆ្នាំ ២០២០ ។ ប្រសិនបើការថែទាំសុខភាពរបស់ពួកគេត្រូវបានបង្អាក់ និងការទទួលបានអាហារត្រូវបានថយចុះ។

លើសពីនេះទៅទៀត ផលប៉ះពាល់លើប្រព័ន្ធអប់រំក៏ធ្ងន់ធ្ងរផងដែរ ដោយប្រហែល ៩០% នៃសិស្សទាំងអស់ ឬប្រហែល ១.៥៧ ពាន់លាននាក់មិនបានចូលសាលារៀន ដោយសារតែការបិទទ្វារឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លង។ គួរបញ្ជាក់ផងដែរថា អ្នកស្លាប់ជាសកលដោយ Covid-19 មានចំនួនលើសពី ៦១០,០០០ នាក់ជាមួយនឹងចំនួនករណីឆ្លង ដែលបានបញ្ជាក់ថាមានប្រហែលជា ១៥ លាននាក់៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews