ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនសម្រេចបានដល់ទៅ ៨៨៤.៩ លានដុល្លារអាមេរិក ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២០នេះ ធ្លាក់ចុះ ៣.៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាមស្ថិតិពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បង្ហាញថាក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៧០៣ លានដុល្លារអាមេរិកទៅកាន់ទីផ្សារជប៉ុន ធ្លាក់ចុះ ០.៩% បើធៀបនឹងឆ្នាំមុន។
ទន្ទឹមនឹងនេះដែរការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុនមានតម្លៃ ១៨០ លានដុល្លារធ្លាក់ចុះ ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដូចគ្នា។ ដោយឡែកបើយោងតាមក្រសួងពាណិជ្ជកម្មផលិតផល សក្តានុពលសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុនគឺ សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។ យ៉ាងណាមិញសូមជ្រមាបផងដែរថា កាលពីឆ្នាំទៅពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ១៣% ដល់ចំនួន ២,២៩២ លានដុល្លារអាមេរិក៕


ប្រភព៖ ក្រសួងព័ត៌មាន


