ក្រសួងការងារថៃ បានអនុញ្ញាតឱ្យពលករចំណាកស្រុកមកធ្វើការនៅក្នុងប្រទេសរបស់ខ្លួនវិញ ហើយក៏បានបញ្ជាក់អំពីគោលការណ៍ណែនាំមួយចំនួន។ អគ្គនាយកនាយកដ្ឋានការងារលោក Suchat Pornchaiwiseskul បាននិយាយថា មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) កាលពីថ្ងៃពុធ បានយល់ព្រមក្នុងការនាំពលករបរទេសដែលមកពីប្រទេសមួយចំនួនដូចជា៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមចូលមកធ្វើការវិញ។
ចំពោះពលករបរទេសដែលវិលត្រឡប់ទៅប្រទេសថៃវិញ ត្រូវបានប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ឆែកលិខិតអនុញ្ញាតជនអន្តោប្រវេសន៍ ហើយពលករទាំងអស់ត្រូវធ្វើតេស្តិ៍ Covid-19 និងឆ្លងកាត់ការត្រួតពិនិត្យសុខភាពចំនួន ៦ កន្លែង។ បន្ទាប់មកទៀត ត្រូវទិញការធានារ៉ាប់រងសុខភាពរយៈពេល ២ ឆ្នាំ (ក្នុងករណីដែលពួកគេមិនមានសន្តិសុខសង្គម) ឬធានារ៉ាប់រងសុខភាពរយៈពេល ៣ ខែ (ក្នុងករណីដែលពួកគេមានសន្តិសុខសង្គម)។ ពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ ក្នុងកំឡុងពេលនៃការផ្តាច់ខ្លួន នឹងមានការបណ្តុះបណ្តាលផ្តល់ចំណេះដឹងអំពីបទបញ្ជា និងការរស់នៅក្នុងប្រទេសថៃដល់ជនបរទេសមុនពេលចាប់ផ្តើមធ្វើការ។ បន្ទាប់ពីការផុតកំណត់រយៈពេល ១៤ ថ្ងៃក្នុងការដាក់ឱ្យនៅដាច់ដោយឡែក ទិដ្ឋាការនឹងត្រូវបានផ្តល់ដោយមន្រ្តីអន្តោប្រវេសន៍។

ទន្ទឹមនឹងនេះ នៅពេលក្រុមពលករចំណាកស្រុក ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយគ្មានការឆ្លងណាមួយត្រូវបានរកឃើញ និយោជកអាចទទួលយកពលករឱ្យធ្វើការ រួមទាំងការរាយការណ៍ទៅការិយាល័យការងារខេត្ត ក្នុងតំបន់នោះ។ គួរបញ្ជាក់ផងដែរថា ពលករកម្ពុជាត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ខេត្តស្រះកែវ ប្រទេសឡាវតាមរយៈខេត្តណងខៃ និងខេត្ត Mukdahan ប្រទេសមីយ៉ាន់ម៉ាតាមរយៈខេត្តតាក និងខេត្តរ៉ាណុង ខណៈពលករវៀតណាមត្រូវធ្វើដំណើរតាមផ្លូវអាកាស ហើយមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ។ លោក Suchat បាននិយាយថានិយោជិកនិងសហគ្រិនទទួលខុសត្រូវចំពោះការចំណាយនៃការធ្វើតេស្ត Covid-19 និងការដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃដែលមានចំនួនប្រមាណ ១៣,២០០ បាត (ជាង ៤១៦ ដុល្លារ) ទៅ ១៩,៣០០ បាត (ជាង ៦០៨ ដុល្លារ) ក្នុងពលករបរទេសម្នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


