បន្ទាប់ពីផ្អាកអស់ពេលជាយូរ គម្រោងផ្លូវដែកភ្ជាប់ប្រទេសម៉ាឡេស៊ី ជាមួយសិង្ហបុរីតម្លៃជិត ៩០០ លានដុល្លារនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំក្រោយ
សេដ្ឋកិច្ច July 22, 2020 Chan Sreyny

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជុនរបស់ប្រទេសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃអង្គារថា គម្រោងសាងសង់ផ្លូវដែកធុនស្រាលដែលមានទឹកប្រាក់ ៨៨០ លានដុល្លារភ្ជាប់ប៉ែកភាគខាត្បូងនៃរដ្ឋ Johor ប្រទេសម៉ាឡេស៊ី ជាមួយប្រទេសសិង្ហបុរី។ គម្រោងសាសងសង់ផ្លូវដែកនេះនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំក្រោយ បន្ទាប់ពីប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងជាផ្លូវការនៅថ្ងៃទី ៣០ ខែកក្កដា ខាងមុខនេះ។

គួររម្លឹកផងដែរថា បណ្ដាញតភ្ជាប់រហ័ស (RTS) ដែលត្រូវបានផ្អាកកាលពីឆ្នាំមុន បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានសន្យារឹតបន្តឹងហិរញ្ញវត្ថុ និងពិនិត្យឡើងវិញនៅកិច្ចព្រមព្រៀងធំៗ។ ជាមួយគ្នានេះដែរប្រទេសទាំងពីរបានព្រមព្រៀងគ្នា​កាលពីដើមឆ្នាំមុនថា នឹងបញ្ចប់គម្រោងនេះនៅថ្ងៃទី៣១​ ខែកក្កដា ឆ្នាំនេះ តែមិនទទួលបានជោគជ័យដោយសារកិច្ចពិភាក្សាត្រូវបានរារាំងដោយសារការរីករាលដាលនៃវីរុស Covid-19។

យោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Wee Ka Siong បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខាសម្រាប់ Johor Causeway ដែលជាផ្លូវហាយវេដ៏សំខាន់សម្រាប់ចរាចរណ៍ផ្លូវគោករវាងប្រទេសម៉ាឡេស៊ីនិងសិង្ហបុរី។ លោកបានបន្តថា ការចំណាយសរុបនៃគម្រោងនេះនឹងមានចំនួន ៣.៧៥ ពាន់លានរីងហ្គីដ (៨៨០.២៨ លានដុល្លារ) រួមទាំងការសាងសង់ឃ្លាំងថែទាំដែលមិនបានរាប់បញ្ចូលក្នុងការប៉ាន់ស្មានមុន។ ជាមួយគ្នានេះមន្ត្រីដឹកជញ្ជូនម្នាក់បាននិយាយថា សិង្ហបុរីកំពុងចំណាយ ៦១% នៃការចំណាយ និងម៉ាឡេស៊ី ៣៩%៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand