ថៃ កំពុងប្រឈមនឹងកង្វះខាតទឹកដោយសាររដូវវស្សាឆ្នាំនេះនឹងមានរយៈពេលខ្លីជាងពេលធម្មតា ​​​​ដែលអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កសិដ្ឋានរបស់កសិករ
សេដ្ឋកិច្ច July 21, 2020 Chan Sreyny

ប្រទេសថៃ កំពុងប្រឈមនឹងកង្វះខាតទឹក ដោយសាររដូវវស្សាឆ្នាំនេះនឹងមានរយៈពេលខ្លីជាងពេលធម្មតា ​​​​ដែលអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កសិដ្ឋានរបស់កសិករ នេះបើយោងតាមការវិភាគរបស់ វិទ្យាស្ថានវារីអគ្គិសនីព័ត៌មានវិទ្យា (HII) ក្រោមក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវ និងច្នៃប្រឌិតថ្មីរបស់ថៃ។

នាយកវិទ្យាស្ថាន HII លោក Sutat Veesaku បាននិយាយនៅថ្ងៃទី ១៩ ខែកក្កដា ថានឹងមានភ្លៀងតិចជាងឆ្នាំមុន ដែលនឹងប៉ះពាល់ដល់ទឹកបម្រុងនៅទូទាំងប្រទេស។ ដោយលោកបានកត់សម្គាល់ថា រដូវវស្សាបច្ចុប្បន្នដែលបានមកដល់យឺតជាងឆ្នាំមុនៗ ត្រូវបានគេព្យាករណ៍ថានឹងបញ្ចប់នៅខែកញ្ញា ដែលមានន័យថាមិនមានទឹកភ្លៀងគ្រប់គ្រាន់ ដើម្បីបំពេញអាងស្តុកទឹកនៅទូទាំងប្រទេសទេ។

ទន្ទឹមនឹងនេះ​ ផលប៉ះពាល់នៃខ្យល់មូសុងខ្លី អាចត្រូវបានគេមើលឃើញថាទំនប់ និងអាងស្តុកទឹកចំនួន ២៥ នៅទូទាំងប្រទេសថៃ នឹងអាចផ្ទុកទឹកបានតិចជាង ៣០% នៃអាំងផ្ទុកទឹកសរុប។ លោក Sutat បាននិយាយថា កង្វល់នៃការខ្វះខាតទឹកគឺជិតមកដល់ហើយ ចាប់ពីខែវិច្ឆិកា ឆ្នាំនេះដល់ខែឧសភា ឆ្នាំក្រោយ ទឹកប្រហែល ១២ ពាន់លានម៉ែត្រគូបនឹងត្រូវការសម្រាប់បំពេញតម្រូវការក្នុងកសិដ្ឋាន ​​​​និងគ្រួសារនៅក្នុងតំបន់៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus