យោងតាមការចុះផ្សាយពីផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា បានបង្ហាញថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ គិតរហូតមកទល់ពេលនេះ គឺសម្រេចបានប្រមាណជាង ៧០% ដែលគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២២។
ប្រភពដដែលបានឲ្យដឹងថា ទោះបីជាពេលនេះ បញ្ហាជំងឺកូវីដ-១៩កំពុងរាតត្បាតដែលធ្វេីអោយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិខ្លះក៏ដោយ ក៏សកម្មភាពសាងសង់កំណាត់ផ្លូវជាតិលេខ៣ នៅតែបន្តកសាងយ៉ាងសកម្ម ដើម្បីឲ្យបានចប់ទៅតាមគម្រោងផែនការដែលគ្រោងនឹងបញ្ចាប់នៅក្នុងឆ្នាំ២០២២។ ខណៈផ្លូវជាតិលេខ ៣ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ អ្នកទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុផងដែរ។

សមជម្រាបថា គម្រោងកែលម្អផ្លូវនេះគឺចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះត្រូវចំណាយថវិកាសរុបប្រមាណជាង ២១៩ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។





អត្ថបទ៖ លីនី


