សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងទិញម៉ាស៊ីនព្រួសស្រូវប្រភេទធន់ធំចំនួន ១,០០០គ្រឿង និងប្រភេទធន់តូច ១,០០០គ្រឿង ផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ សម្ដេចតេជោបានប្រកាសដូច្នេះនៅក្នុងដំណើរអញ្ជើញ ពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះ។
មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលការធ្វើស្រែដោយប្រើគ្រឿងចក្រទំនើបៗដូចជា ម៉ាស៊ីនភ្ជួស្រែ ម៉ាស៊ីនរាស់ដី ម៉ាស៊ីនព្រួសស្រូវ ម៉ាស៊ីនស្ទូង និងម៉ាស៊ីនច្រូតស្រូវ ហើយក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានបញ្ជារគ្រឿងចក្រទាំងអស់នោះដើម្បីស្វែងយល់ពីប្រសិទ្ធភាពការងារ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការធ្វើស្រែចម្ការរបស់បងប្អូនប្រជាកសិករក្នុងពេលបច្ចប្បន្ននេះដែលភាគច្រើនប្រើប្រាស់គ្រឿងចក្រទំនើបៗ។ មុននឹងចាប់ផ្តើម សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំណេះសំណាលសួរនាំដល់ប្រជាកសិករមួយចំនួន ដើម្បីបានស្វែងយល់ការលំបាក និងភាពងាយស្រួលក្នុងរបរធ្វើស្រែចម្ការ។ តាមការសាកសួររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រជាកសិករបានឲ្យដឹងថា ការធ្វើស្រែនាពេលបច្ចុប្បន្នពិតជាមានភាពងាយស្រួលជាងពីមុន ដោយយើងមានប្រព័ន្ធធារាសាស្ត្រ យើងមានការប្រើប្រាស់គ្រឿងចក្រកសិកម្មទំនើបៗ លឿនរហ័សទាន់ចិត្ត។ ចំពោះផលលំបាកវិញមានដូចជាបញ្ហាតម្លៃស្រូវ, បញ្ហាផ្លូវសម្រាប់ដឹកជញ្ជូន , និងបញ្ហាសត្វល្អិតជាដើម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការអញ្ជើញមកទីនេះ មិនត្រឹមតែមកច្រូតស្រូវប៉ុណ្ណោះនោះទេ គឺសម្តេចមកនេះ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ សម្តេចតេជោបានបន្តថា គោលដៅនៃការនាំចេញស្រូវ ១លានតោន នៅតែស្ថិតក្នុងគោលដៅអាទិភាពរបស់កម្ពុជា ក្នុងការខិតខំប្រឹងប្រែងបន្តទៀត។ លើសពីនេះសម្តេចតេជោសង្កត់ធ្ងន់ថា បញ្ហាត្រង់ថាយើងមានមាសហើយ តែខ្វះក្រដាសខ្ចប់ មានន័យថាកន្លងមកនេះ យើងផលិតស្រូវបានហើយតែយើងនៅខ្វះទីផ្សារនាំចេញ, យើងនៅខ្វះខាតម៉ាស៊ីនសម្ងួតស្រូវ, និងម៉ាស៊ីនកិនស្រូវជាដើម។ ដូច្នេះហើយទើបកម្ពុជាត្រូវខិតខំស្វែករកទីផ្សារ ខិតខំបង្កើតឲ្យមាន ម៉ាស៊ីនសម្ងួតស្រូវ, ម៉ាស៊ីនកិនស្រូវ ដើម្បីងាយស្រួលក្នុងការនាំចេញ។

យ៉ាងណាមិញនៅថ្ងៃនេះ សម្តេចតេជោបានប្រកាសទិញម៉ាស៊ីនព្រួសស្រូវប្រភេទធន់ធំចំនួន ១,០០០គ្រឿង និងប្រភេទធន់តូច១,០០០គ្រឿង ។ សម្តេចតេជោនឹងផ្តល់ជូនបងប្អូនប្រជាកសិករចំនួន ១៣០គ្រួសារ ដែលក្នុង ១គ្រួសារ ទទួលបានម៉ាស៊ីនមួយគ្រឿង។ ហើយនៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អំណោយអនុស្សវរីយ៍មានជាសម្ភារៈប្រើប្រាស់មួយចំនួន ជាពិសេសសម្ភារៈប្រើប្រាស់ការពារកូវីដ១៩ ស្រូវពូជ និង ថវិកាមួយចំនួនទៀតផង។

សូមជម្រាបផងដែរថា យោងតាមរបាយការណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថា ខេត្តតាកែវ ក៏ធ្លាប់ជារាជធានីនគរគោកធ្លោក គឺជាដែនដីមានសក្តានុពលមួយលើវិស័យកសិកម្ម ហើយខេត្តនេះបានជាប់ចំណាត់ថ្នាក់លេខ៣ លើវិស័យកសិកម្មបន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ខេត្តនេះ មានប្រជាជនសរុប ១,០១៤,៤៧៣នាក់ ក្នុងនោះស្ត្រី ៥១៨,៨៨០នាក់ ដោយមានប្រជាពលរដ្ឋប្រមាណ ៧៩% ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ធ្វើស្រែចម្ការ នេសាទត្រី និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន៕



អត្ថបទ៖ លីនី


