កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​ និង​កម្ពុជា​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​ហើយ
សេដ្ឋកិច្ច July 21, 2020 Chan Sreyny

​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាលពីល្ងាច​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសថា កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​កម្ពុជា​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ។​ ​ប្រភព​ដដែល​បាន​បញ្ជាក់ថានា​ថ្ងៃទី​២០ ខែកក្កដា ឯកឧត្តម ជុង សាន ( Zhong Shan) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​អញ្ជើញ​រៀបចំ​កិច្ចប្រជុំ​រួមគ្នា​តាម​ Video Conference និង​បានប្រកាស​រួមគ្នា​ថា កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន ​និង​កម្ពុជា​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​។​

ជាមួយគ្នានេះ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​សង្កត់ធ្ងន់ថា ក្រោយពី​បានបញ្ចប់​កិច្ចប្រជុំ​ខាងលើនេះ ភាគី​ទាំង​ពីរបាន​ចុះផ្សាយសេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការបញ្ចប់​កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​និង​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​លើកឡើងថា​ប្រទេស​ទាំងពីរ​បានបញ្ចប់​កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែលមាន​ទិសដៅ​ប្រកបដោយ​អត្ថប្រយោជន៍​ទាំងនេះ​នឹង​ជា​កម្លាំង​ជំរុញ​ថ្មី​មួយ​ក្នុងការ​ព​ន្លឿ​ន​ការកសាង​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន​និង​កម្ពុជា​ប្រកបដោយ​អត្ថន័យ​យុទ្ធសាស្ត្រ​។

​ស្ថានទូត​ចិន​បាន​បញ្ជាក់ថា​ “​ ភាគី​ទាំងពីរ​នឹង​អនុវត្តតាម​នីតិវិធី​ក្នុងប្រទេស​រៀងៗ​ខ្លួន​ខិតខំ​សម្រេច​ឲ្យ​បានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៃ​ទ្វេភាគី​ឲ្យ​បាន​ឆាប់រហ័ស ​”​។​ គួរបញ្ជាក់ផងដែរថា កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​ និង​កម្ពុជា​ត្រូវបាន​ចាប់ផ្តើម​នា​ចុងឆ្នាំ​២០១៩ ដំណើរការ​តែ​ជាង​ពាក់កណ្ដាល​ឆ្នាំ​ក៏​ឈានដល់​ការឯកភាព​គ្នា នេះ​បានបង្ហាញ​ពី​កម្រិត​ខ្ពស់​នៃ​ទំនាក់ទំនង​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​៕

ប្រភព៖ ក្រសួងព័ត៌មាន