ស្អាតខ្លាំងណាស់! ខណៈគិតមកទល់ពេលនេះគម្រោងស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុប្រវែងជាង ៨ពាន់គីឡូម៉ែត្រសម្រេចការចាក់បេតុងបានជិត ១០០%
សេដ្ឋកិច្ច July 17, 2020 Chan Sreyny

គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ សម្រេចការចាក់បេតុងបាន ៩៩.៩២% នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចុះផ្សាយនៅថ្ងៃនេះ។

នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រួមជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យវឌ្ឍភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។

ជាលទ្ធផលគិតមកទល់ពេល​នេះ គម្រោងបានសម្រេចចាប់បេតុងបាន ៩៩.៩២% ដាក់លូបាន ១០០% រៀបខឿនថ្មក្រានីតបាន ៥៩.៩៩% រៀបកម្រាលថ្មក្រានីតបាន ៤.៤៨% ដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន ២៣.៨៩% និងបំពាក់អំពូលភ្លើងដែលប្រើបច្ចេកវិទ្យាវៃឆ្លាតបាន​ ១០.៤៤% នៃបង្គោលភ្លើងដែលបានដាំរួច។ ជាមួយគ្នានេះគម្រោងក៏បាននឹងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ និងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២ ទីតាំងដែលទី១ នៅក្បែរសណ្ឋាគារសុខា មានសមត្ថភាពច្រោះបាន ៧២០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន ១០%។ ជាងនេះទៅទៀតគម្រោងនឹងធ្វើការអ៊ុតកម្រាលកៅស៊ូ រៀបចំគំនូសសញ្ញា និងភ្លើងចរាចរណ៍ និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ ព្រមទាំងសាងសង់ចំណតរថយន្ត និងបន្ទប់ទឹកសាធារណៈនៅតាមបណ្ដោយឆ្នេរសមុទ្រផងដែរ។

សូមជម្រាបផងដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ ជាគម្រោងរបស់រាជរដ្ឋាភិបាលដែលអនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា និងត្រូវបានធ្វើពិធីធ្វើពិធីបើកការដ្ឋានក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមនន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០៩៕

អត្ថបទ៖ លីនី