ក្រសួងពីរកំពុងចាប់ដៃគ្នា សំដៅលើការរឹតត្បិត ឬ កាត់បន្ថយបរិមាណនាំចូល និងវិធានការទប់ស្កាត់ការនាំចូលសត្វខុសច្បាប់ ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក
សេដ្ឋកិច្ច July 17, 2020 Chan Sreyny

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សាខុន និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចាប់ដៃគ្នា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក ជួយដល់កសិករកម្ពុជាក្នុងការចិញ្ចឹមសត្វ តាមរយៈកិច្ចប្រជុំមួយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំទ្វេភាគីនេះត្រូវបានរៀបចំឡើង ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង គឺសម្តេចបានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែមទៀត (ជ្រូក មាន់ ទា និងត្រី) ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការគ្រួសារ ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ និងជាពិសេសរឹតត្បិតការនាំចូលសត្វ។

យោងលើប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តមរដ្ឋមន្រ្តីនៃក្រសួងទាំងពីរ បានពិភាក្សាអំពីបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មសត្វជ្រូកសាច់ (ការនាំចេញ នាំចូល និងនាំឆ្លងកាត់) ការរឹតត្បិត ឬ កាត់បន្ថយបរិមាណនាំចូល និងវិធានការទប់ស្កាត់ឲ្យខានតែបាន លើការនាំចូលសត្វខុសច្បាប់។

សូមជម្រាបថាកិច្ចពិភាក្សានេះ គឺក្នុងបំណងចំបង ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកប្រកបដោយគុណភាព និងសុវត្ថិភាព និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹម ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់៕

អត្ថបទ៖ លីនី