ថៃ៖ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ក្រសួងពាណិជ្ជកម្មទំនងជាកំណត់ការនាំចេញសាច់ជ្រូក បន្ទាប់ពីតម្លៃសាច់ជ្រូកលក់រាយបានឡើងដល់ ១៧០-១៨០ បាតក្នុងមួយគីឡូក្រាមដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំ។ បើតាមការចុះផ្សាយបស់សារព័ត៌មានបាងកកប៉ុស្តិ៍ តម្លៃសាច់ជ្រូកឡើងថ្លៃដោយសារតម្រូវការក្នុងស្រុកក៏ដូចជាការនាំចេញគួរកត់សម្គាល់ ជាពិសេសចំពោះប្រទេសជិតខាង និងចិន។
តាមប្រភពពីក្រសួងពាណិជ្ជកម្មដែលស្នើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រសួងបានទទួលនូវបណ្ដឹងជាច្រើនពីសាធារណជនអំពីការកើនឡើងនៃតម្លៃសាច់ជ្រូកនៅក្នុងតំបន់ជាច្រើន។ ខណៈនាយកដ្ឋាននេះកាលពីដើមឆ្នាំនេះ បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមអ្នកចិញ្ចឹមជ្រូកមួយក្រុមថា ការនាំចេញសាច់ជ្រូកនឹងត្រូវបានកំណត់ ដើម្បីការពារផលប៉ះពាល់លើតម្លៃក្នុងស្រុកប្រសិនបើតម្លៃសាច់ជ្រូកនៅកសិដ្ឋានលើសពី ៨០បាត (ប្រហែល ២.៥០ ដុល្លារ) ក្នុងមួយគីឡូក្រាម។

តម្លៃសាច់ជ្រូកនៅក្រៅកសិដ្ឋានត្រូវបានស្រង់ពី ៨៦-៨៧ បាតក្នុងមួយគីឡូក្រាមពោលគឺកើនឡើងពី ៧៥ បាតក្នុងមួយគីឡូក្រាមកាលពីដើមឆ្នាំ ដោយតម្លៃសាច់ជ្រូកលក់រាយបានឡើងដល់ ១៧០-១៨០ បាតក្នុងមួយគីឡូក្រាមពី ១៥០-១៦០ បាត។ ជាមួយគ្នានេះនាយកដ្ឋានបានឲ្យដឹងបន្ថែមថា តម្លៃសាច់ជ្រូកនៅក្រៅកសិដ្ឋានអាចកើនឡើងដល់ ៩០ បាតក្នុងមួយគីឡូក្រាម ដោយសារតម្រូវការទាំងទីផ្សារក្នុងស្រុក និងការនាំចេញនៅតែរឹងមាំដដែល។ ខណៈការផ្គត់ផ្គង់ក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ ដោយសារគ្រោះរាំងស្ងួតដែលមិនត្រឹមតែជះឥទ្ធិពលដល់អត្រាកំណើនរបស់សត្វជ្រូកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេផងដែរ។

លើសពីនេះជំងឺរីករាលដាលនៅក្នុងប្រទេសចិន ឡាវ និងវៀតណាម បានបង្កើតតម្រូវការសាច់ជ្រូកនាំចូលយ៉ាងខ្លាំង ដោយក្នុងមួយថ្ងៃថៃដឹកជញ្ជូន ជ្រូកចំនួន ៦,០០០ ទៅ ៨,០០០ ក្នុងមួយថ្ងៃទៅប្រទេសចំនួន ៣។ ជាមួយគ្នានេះប្រទេសថៃមានសមត្ថភាអាចចិញ្ចឹមជ្រូករស់បានប្រមាណ ២២ លានក្បាលក្នុងមួយឆ្នាំ ដោយកាលពីឆ្នាំទៅបាននាំចេញជ្រូក ៤០០,០០០ ទៅ ៥០០,០០០ ក្បាលផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


