ជំងឺរាតត្បាត Covid-19 បានបំផ្លាញចំណូលផ្នែកទេសចរណ៍ឥណ្ឌូណេស៊ីប្រមាណ ៨៥ ទ្រីលានរូពី (៥.៨៧ ពាន់លានដុល្លារ) គិតមកទល់ពេលនេះ ដែលបង្ខំឱ្យសមាគមអាជីវកម្មអំពាវនាវដល់រដ្ឋាភិបាល ឱ្យផ្តល់នូវការជំរុញកាន់តែខ្លាំងឡើងសម្រាប់ឧស្សាហកម្មដែលបំផ្លាញដោយជំងឺរាតត្បាត។
យោងតាមទិន្នន័យរបស់សមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូនេស៊ី (PHRI) បានឱ្យដឹងថា ឧស្សាហកម្មសណ្ឋាគារ និងភោជនីយដ្ឋានបានខាតបង់ចំណូលជាង ៤ ពាន់លានដុល្លារ ដោយសារការធ្វើដំណើរលំហែរកាយត្រូវបានបញ្ឈប់ទាំងស្រុង ខណៈដែលអាកាសចរណ៍ និងប្រតិបត្តិករទេសចរណ៍បានខាតបង់ចំណូលជាង ១ ពាន់លានដុល្លារ។

ប្រធាន PHRI លោក Hariyadi Sukamdani បានប្រាប់សមាជិកសភាក្នុងពេលបើកសវនាការនៅថ្ងៃទី១៤ ខែកក្កដា ថាកម្មករជាង ៩៥% នៅក្នុងវិស័យទេសចរណ៍កំពុងត្រូវបានរងគ្រោះ ដោយគ្មានប្រាក់ឈ្នួល ដោយសារសណ្ឋាគារចំនួន ២ ពាន់កន្លែង និងភោជនីយដ្ឋានចំនួន ៨ ពាន់កន្លែងបានបិទក្នុងរយៈពេល ៣ ខែដំបូងនៃការផ្ទុះដែលបានចាប់ផ្តើមនៅក្នុងខែមីនា នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ដោយឡែកយោងតាមស្ថិតិឥណ្ឌូណេស៊ី (BPS) បានឱ្យដឹងថាចាប់ពីខែមករា ដល់ខែឧសភា ឥណ្ឌូនេស៊ីមានចំនួនភ្ញៀវទេសចរណ៍បរទេសត្រឹមតែ ២.៩ លាននាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ៥៣.៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានត្រៀមថវិកាជាង ៤ ទ្រីលានដុល្លារ ដើម្បីជាការជំរុញពង្រឹងប្រព័ន្ធថែទាំសុខភាព និងជួយទ្រទ្រង់សេដ្ឋកិច្ចចំពេលមានជំងឺរាតត្បាត។ ទោះយ៉ាងណា សមាគមធុរកិច្ច និងអ្នកសេដ្ឋកិច្ចបានរិះគន់ជាចំហចំពោះការបញ្ចេញសកម្មភាពយឺត ដែលពួកគេនិយាយថានឹងប្រថុយចំពោះការងើបឡើងវិញនៅក្នុងសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍។
លោក Kosmian Pudjiadi អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ីបាននិយាយថា វិស័យទេសចរណ៍ត្រូវបានបោះបង់ចោលដោយរដ្ឋាភិបាល ដោយសារតែសកម្មភាពជំរុញដើម្បីជួយសង្គ្រោះអាជីវកម្មមិនទាន់បានធ្វើនៅឡើយ បន្ទាប់ពីមានជំងឺរាតត្បាតអស់រយៈពេល ៣ ខែ។ លោកបានបន្ថែមថា អាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍ នឹងក្ស័យធននៅចុងឆ្នាំនេះ ប្រសិនបើរដ្ឋាភិបាល និងធនាគារមិនអាចផ្តល់ការបញ្ចូលសាច់ប្រាក់ចាំបាច់ដល់អាជីវកម្ម និងជំរុញតម្រូវការអតិថិជនសម្រាប់អាជីវកម្មឱ្យងើបឡើងវិញ៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


