ចិនប្រកាសពីកំណើននៃការនាំចូល និងនាំចេញជាលើកដំបូង ចាប់តាំងពីរងការរាតត្បាតដោយ Covid-19​
សេដ្ឋកិច្ច July 15, 2020 Chan Sreyny

ប្រទេសចិន បានប្រកាសអំពីការកើនឡើងនៃការនាំចូលលើកដំបូង ចាប់តាំងពីមានការរាតត្បាតនៃជំងឺ Covid-19 ចំណែកឯការនាំចេញក៏មានការកើនឡើងផងដែរ។ ការនាំចូលរបស់ចិននៅក្នុងខែមិថុនា បានកើនឡើងជាលើកដំបូងចាប់តាំងពីវិបត្ដិនៃជំងឺឆ្លងបានធ្វើឱ្យសេដ្ឋកិច្ចមានការប៉ះពាល់យ៉ាងខ្លាំង ខណៈពេលដែលការជំរុញរបស់រដ្ឋាភិបាលបានធ្វើឱ្យមានតម្រូវការនៃទំនិញកើនឡើង ដោយការនាំចេញទំនិញផ្នែកវេជ្ជសាស្ត្រក៏បានកើនឡើងផងដែរ ដែលជាសញ្ញានៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចេញសកម្មភាពជំរុញ ដើម្បីគាំទ្រដល់តម្រូវការក្នុងស្រុកទោះបីជាការលេចចេញជាថ្មីនៃជំងឺរាតត្បាតនៅជុំវិញពិភពលោក បានធ្វើឱ្យមានសំណួរចោទសួរអំពីភាពខ្លាំងនៃការស្ទុះងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក។ ទិន្នន័យរបស់គយបានបង្ហាញកាលពីថ្ងៃអង្គារ ថាការនាំចូលរបស់ចិនក្នុងខែមិថុនា បានកើនឡើង ២.៧% បើធៀបទៅនឹងឆ្នាំមុន ហើយបានធ្លាក់ចុះ ១៦.៧% កាលពីខែមុន។

ទោះបីជាយ៉ាងនេះក្ដី ការនាំចេញក៏បានកើនឡើងនឹកស្មានមិនដល់ ពោលគឺកើនឡើង ០.៥% ដែលបង្ហាញថាតម្រូវការសកលកំពុងចាប់ផ្តើមកើនឡើងម្តងទៀត នៅពេលដែលប្រទេសជាច្រើនចាប់ផ្តើមបន្ធូរបន្ថយវិធានការប្រឆាំងនឹងជំងឺឆ្លង ដល់តឹងតែងដែលបានជំរុញសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជិត ៩០ ឆ្នាំ។ ក្រុមអ្នកវិភាគបានប៉ាន់ស្មានការធ្លាក់ចុះ ១.៥% បន្ទាប់ពីការធ្លាក់ចុះ ៣.៣% កាលពីខែឧសភា ។

លោក Boyang Xue អ្នកវិភាគចិននៅក្រុមហ៊ុនពិគ្រោះយោបល់ DuckerFrontier បានមានប្រសាសន៍ថា « ការធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់ ក្នុងការនាំចូលរបស់ចិនគឺជាការបង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស ដែលត្រូវបានជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃការវិនិយោគក្នុងវិស័យដូចជា អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ »។ ទិន្នន័យពាណិជ្ជកម្មបានបង្ហាញថាការនាំចូលរ៉ែដែកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣៣ ខែនៅក្នុងខែមិថុនា។ ការនាំចូលប្រេងឆៅក៏ឡើងដល់កម្រិតខ្ពស់ផងដែរនៅពេលមានការតាមប្រមាញ់ពីសំណាក់ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនខណៈតម្លៃប្រេងធ្លាក់ចុះ។

ទន្ទឹមនឹងនេះ លោក Martin Rasmussen សេដ្ឋវិទូចិនប្រចាំក្រុមហ៊ុន Capital Economics រំពឹងថា ការនាំចូលរបស់ចិននឹងបន្តមានភាពប្រសើរឡើង ខណៈដែលការបង្កើនកំណើនសេដ្ឋកិច្ចជំរុញកំណើនតម្រូវការក្នុងស្រុក។ ការនាំចូលរបស់ចិនពីសហរដ្ឋអាមេរិកបានកើនឡើង ១១.៣% នៅក្នុងខែមិថុនា ដែលផ្ទុយពីនិន្នាការធ្លាក់ចុះទ្វេដង ដែលត្រូវបានគេមើលឃើញបន្ទាប់ពីការផ្ទុះឡើងនៃជំងឺនេះ។ គួរបញ្ជាក់ផងដែរថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនសម្រាប់ខែមិថុនា មានចំនួន ៤៦.៤២ ពាន់លានដុល្លារធៀបនឹងអតិរេក ៦២.៩៣ ពាន់លានដុល្លារកាលពីខែឧសភា ៕

អត្ថបទ៖ នីតា
ប្រភព៖ reuters