ពិភពលោកកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីការជាប់គាំងដោយសារតែការរីករាលដាលនៃវីរុស Covid-19 ហើយក្នុងស្ថានភាពបែបនេះអ្នកជំនាញជឿជាក់ថា វិបត្តិសេដ្ឋកិច្ចពិភពលោកនឹងខិតជិតមកដល់។ យ៉ាងណាមិញនៅប្រទេសម៉ាឡេស៊ីស្ថានការណ៍អាចនឹងកាន់តែអាក្រក់ទៅៗ។
ជាមួយគ្នានេះដែរនាយករដ្ឋមន្រ្តី Muhyiddin Yassin បានបង្ហើបឱ្យដឹងថា ប្រសិនបើលោកបានជ្រើសរើសបន្តបទបញ្ជារឹតត្បិតការធ្វើដំណើរ (MCO) ឬ ការបិទទ្វារប្រទេសទៀត នោះវិស័យហិរញ្ញវត្ថុរបស់ប្រទេសនេះអាចប្រឈមនឹងការខាតបងទឹកប្រាក់ ១ ទ្រីលានរីងហ្គីត (ប្រហែល ២៣៤ ពាន់លានដុល្លារ)។ យោងតាមលោក Yassin ទេសាភិបាលធនាគារ Bank Negara Malaysia បានជម្រាបលោកអំពីទំហំនៃការខាតបង់ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសកម្មភាពសេដ្ឋកិច្ចជាតិដែលលោកចូលរួមរៀងរាល់ថ្ងៃច័ន្ទ។ លោកបានបន្តថា ប្រសិនបើរឿងនោះកើតឡើងមែននោះ តម្លៃនៃការខាតបង់ចំពោះប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនឹងមានប្រហែល ១ ទ្រីលានរីងហ្គីត។

ប្រទេសម៉ាឡេស៊ីរហូតមកដល់ពេលនេះបានបញ្ជាក់ពីករណីឆ្លងវីរុសកូវីដចំនួន ៨,៧២៥ ករណី ដោយគិតត្រឹមថ្ងៃទី ២៧ ខែមីនាប្រទេសទាំងមូលបានជាប់គាំងដោយបិទទ្វារអាជីវកម្ម រោងចក្រ និងការរស់នៅរបស់ប្រជាជន ដែលបណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ យ៉ាងណាមិញគិតត្រឹមថ្ងៃទី៩ ខែមិថុនា កន្លងទៅនេះ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចចិត្តបើកប្រទេសឡើងវិញក្នុងលក្ខណៈជាដំណាក់កាលដែលសេដ្ឋកិច្ចត្រូវការការស្តារឡើងវិញ។

ប៉ុន្តែទោះយ៉ាងណាទោះបីជាមានការបន្ធូរបន្ថយការរឹតត្បិតលើសកម្មភាពអាជីវកម្ម និងសកម្មភាពប្រចាំថ្ងៃក៏ដោយ ក៏ប្រទេសម៉ាឡេស៊ីមិនទាន់ផុតពីការខាតបង់នៅឡើយទេ។ ខណៈការខាតបង់ដែលកើតឡើងក្នុងកំឡុងពេលបិទទ្វារប្រទេសនេះ មានផលប៉ះពាល់យ៉ាងខ្លាំងក្លា ហើយនៅពេលដែលប្រទេសនេះសំរេចចិត្តបើកទ្វារម្តងទៀតប្រជាជនមិនចង់ចេញទៅក្រៅដោយខ្លាចការឆ្លងវីរុស ដែលធ្វើឲ្យអាជីវកម្មក្នុងស្រុកស្ថិតភាពស្ងាត់ជ្រងំ ប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាជនដែលពឹងផ្អែកលើអាជីវកម្មបែបនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ ibtimes


