ប្រទេសកម្ពុជាបាននាំចេញផលិតផលកាត់ដេររួមមាន សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរដែលមានតម្លៃនៅឆមាសទីមួយនៃឆ្នាំនេះ ធ្លាក់ចុះ ៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះត្រូវបានបង្ហាញឲ្យដឹងដោយលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យរូបនេះបានពន្យល់ថា ការថយចុះនៃការនាំចេញសម្លៀកបំពាក់ គឺដោយសារការបញ្ឍប់ការបញ្ជាទិញពីទីផ្សារគោលដៅ ដែលបណ្ដាលមកពីជំងឺរាតត្បាតដោយវីរុស Covid-19។ លោកបានបន្តថា មូលហេតុចំបងនៃការធ្លាក់ចុះ គឺបណ្ដាលមកពីផលប៉ះពាល់នៃវីរុស ដែលធ្វើឲ្យការបញ្ជាទិញបានធ្លាក់ចុះនៅទូទាំងពិភពលោក ហើយនេះមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងប្រទេសដែលផលិតសម្លៀកបំពាក់ផងដែរដូចជា បង់ក្លាដែស និងវៀតណាម។

គួរម្លឹកផងដែរថា ដោយសារជំងឺរាតត្បាតរីករាលដាលនេះ រោងចក្រចំនួន ៤៥០ បានផ្អាកផលិតកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើងនិងទំនិញ ហើយ ៨៣ រោងចក្រត្រូវបានបិទជាផ្លូវការ។ តែទោះជាយ៉ាងណាក្ដី លោក វង្សី វិស្សុត មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែមានភាពវិជ្ជមាន ដោយក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះប្រទេសកម្ពុជាមានកំណើននៃការនាំចេញផលិតផលមិនមែនកាត់ដេរ ដោយសង្កត់ធ្ងន់ថាជាសេដ្ឋកិច្ចធន់។

លោកបានលម្អិតថា ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ជាពិសេសទៅកាន់ទីផ្សារអឺរ៉ុបបានធ្លាក់ចុះ ប៉ុន្តែនៅពេលក្រឡេកមើលផលិតផលនាំចេញសរុបពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឃើញថាមានការកើនឡើងដូចជា កង់ អង្ករ គ្រឿងអេឡិចត្រូនិច និងវត្ថុធាតុដើមកសិកម្មមួយចំនួន។ យ៉ាងណាមិញយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតបានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញនូវផលិតផល សម្លៀកបំពាក់ ស្បែកជើង និងទំនិញក្នុងតម្លៃ ៩.៣ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ដែលកើនឡើង ១១% ពីមួយឆ្នាំទៅមួយឆ្នាំ៕
អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន


