ធនាគារធំៗនៅជប៉ុន ចេញមុខជួយជនរងគ្រោះដោយសារជំនន់ទឹកភ្លៀង តាមរយៈផ្ដល់ប្រាក់កម្ចីការប្រាក់ទាបសម្រាប់សាសង់ ឬ ជួសជុលផ្ទះឡើងវិញ
សេដ្ឋកិច្ច July 9, 2020 Chan Sreyny

ស្ថាប័នហិរញ្ញវត្ថុជប៉ុនកំពុងផ្ដល់ជំនួយដល់ជនរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងដែលបានបោកបក់ និងជន់លិចខ្លាំងនៅភាគនិរតី និងកណ្ដាលប្រទេសជប៉ុន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ធនាគារធំៗចំនួន ៤ បានប្រកាសថាពួកគេនឹងឲ្យប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបដល់ប្រជាជនដែលត្រូវការសាសង់ ឬ ជួសជុលផ្ទះរបស់ពួកគេឡើងវិញ។

ក្នុងនោះធនាគារដែលប្រកាសផ្ដល់ជំំនួយរួមមាន ធនាគារ Sumitomo Mitsui, Mitsubishi UFJ, Mizuho និង Resona ដែលនឹងផ្តល់អត្រាការប្រាក់ទាបដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនដែលបានរងការខូចខាតនៃទ្រព្យសម្បត្តិរបស់ពួកគេ។ ជាមួយគ្នានេះដែរធនាគារក្នុងស្រុកនៅលើកោះ Kyushu នៅភាគនិរតី បាននិយាយថា ពួកគេនឹងផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ការជួសជុលលំនៅដ្ឋាន និងប្រាក់កម្ចីសម្រាប់រថយន្ត។ ខណៈធនាគារខ្លះក៏មានឆន្ទៈក្នុងការពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការបញ្ចាំនិងលក្ខខណ្ឌផ្តល់ប្រាក់កម្ចីផ្សេងទៀតប្រសិនបើចាំបាច់។

អត្ថបទ៖ លីនី
ប្រភព៖ nhk