មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រយៈពេល ៥ខែដំបូងនៃឆ្នាំ២០២០ ក្នុងវិបតិ្តរាតត្បាតកូវីដនេះ ការនាំចេញរបស់កម្ពុជានៅមានភាពវិជ្ជមាននៅឡើយ
សេដ្ឋកិច្ច July 9, 2020 Chan Sreyny

ទោះបីជាវិបត្តិកូវីដ-១៩ បានវាយប្រហារមកលើសេដ្ឋកិច្ចកម្ពុជាខ្លាំងយ៉ាងណាក្ដី ក៏ការនាំចេញរបស់កម្ពុជាក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២០ នេះ នៅមានភាពវិជ្ជមាននៅឡើយ។ ការអះអាងនេះត្រូវបានលើកឡើងដោយមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម វង្សី វិស្សុត កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នាពេល កន្លង មកក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ–១៩។

នាឱកាសនោះ ឯកឧត្ដម បានថ្លែងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ វិស័យកាត់ ដេរកម្ពុជា មានការធ្លាក់ចុះខ្លាំងដោយហេតុថា ទីផ្សារអឺរ៉ុប និងអាមេរិកមួយចំនួនបានផ្អាកការបញ្ជាទិញសិនព្រោះតែវិបត្តិកូវីដ–១៩។ ប៉ុន្តែបើយើងមើលវត្ថុផ្សេងទៀតដែលយើងនាំចេញ យើហអត់ទាន់ធ្លាក់នៅឡើយទេ ឧទាហរណ៍ ទំនិញកសិកម្មទំនិញមិន មែន កាត់ ដេរដូចជាកង់ អេឡិចត្រូនិកគឺវាកើន។ ជាក់ស្ដែងក្នុងរយៈពេលក្នុងរយៈពេល ៥ខែដំបូងនេះ ការនាំចេញ របស់យើងធៀបនឹងឆ្នាំទៅ មិនទាន់អវិជ្ជមាននោះទេនៅបូកនៅឡើយ។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​គ្រប់​ទ្វីបក្រោម​ប្រព័ន្ធ​អនុ​គ្រោះ​ពាណិជ្ជ​កម្ម និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី ក្នុង​រយៈ​ពេល​១០​ខែ កាលពីឆ្នាំ​២០១៩​ មាន​ទំហំ​ទឹក​ប្រាក់​ជាង​មួយ​ម៉ឺន​លាន​ដុល្លារ (១០៨១៣ លាន​ដុល្លារ) ខណៈដែលចំនួន​នេះបាន​កើន​ឡើង ៦.៤៥% បើ​ធៀប​និង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៨​៕

ប្រភព៖​ ក្រសួងព័ត៌មាន