អូស្រ្តាលីនឹងត្រូវខាតលុយជិត ៧០០ លានដុល្លារក្នុងមួយសប្ដាហ៍ ដោយសារការបិទព្រំដែនដ៏មមាញឹកបំផុតរវាងរដ្ឋពីរ រួមទាំងទីក្រុងមួយ
សេដ្ឋកិច្ច July 8, 2020 Chan Sreyny

សេដ្ឋកិច្ចអូស្រ្តាលីនឹងត្រូវខាតបង់ប្រាក់ ១ ពាន់លានដុល្លារអូស្រ្តាលី (ជិត ៧០០ លានដុល្លារអាមេរិក) ក្នុងមួយសប្ដាហ៍ ដោយសារការបិទព្រំដែនដ៏មមាញឹកបំផុតរវាងរដ្ឋពីររបស់ខ្លួន និងការចាក់សោរទីក្រុង Melbourne ឡើងវិញ នេះបើយោងតាមការលើកឡើងរបស់លោក Josh Frydenberg។ ព្រំដែននៃរដ្ឋធំៗចំនួនពីររបស់ប្រទេសនេះដូចជា រដ្ឋ New South Wales , Victoria និងទីក្រុង Melbourne ត្រូវបានបញ្ជាឲ្យបិទទ្វារឡើងវិញ បន្ទាប់ពីករណីឆ្លងថ្មីៗបានកើនឡើង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមមន្រ្តីនៅក្នុងរដ្ឋទាំងពីរបានយល់ព្រមបិទព្រំដែនសម្រាប់រយៈពេលមិនកំណត់មួយដោយមានការជូនដំណឹងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។ ខណៈក្រុមមន្រ្តីក្នុងរដ្ឋ Victoria ក៏បានប្រកាសពីការបិទទីក្រុង Melbourne ឡើងវិញដែលនឹងចាប់ផ្តើមពីពាក់កណ្តាលអាធ្រាត្រថ្ងៃពុធ ក្នុងរយៈពេល ៦ សប្តាហ៍ ដោយបិទហាងកាហ្វេ រង្គសាល ភោជនីយដ្ឋាន ហាងកាត់សក់ និងកន្លែងហាត់ប្រាណ ហើយបានតម្រូវឲ្យប្រជាជនប្រមាណ ៤.៩ លាននាក់ស្នាក់នៅតែផ្ទះ លើកលែងតែអាជីវកម្មចាំបាច់។

លោក Kevin Mack អភិបាលក្រុង Albury ក្នុងរដ្ឋ New South Wales បានឲ្យដឹងថា ការបិទព្រំដែនរវាងរដ្ឋទាំងពីរនេះ គឺជាលើកទីមួយហើយតាំងពីឆ្នាំ ១៩១៩ ក្នុងកំឡុងពេលមានជំងឺរាតត្បាតអេស្បាញ។ គួរបញ្ជាក់ផងដែរថា រដ្ឋ Victoria បានរាយការណ៍ពីការឆ្លងថ្មីចំនួន ១៣៤ ករណីក្នុងរយៈពេល ២៤ ម៉ោងដល់ព្រឹកថ្ងៃពុធពោល គឺធ្លាក់ចុះពីកំណត់ត្រាកាលពីថ្ងៃមុនដែលមាន ១៩១ ករណី ប៉ុន្តែមានការកើនឡើងលើសពីការកើនឡើងប្រចាំថ្ងៃនៃខ្ទង់ប្រចាំថ្ងៃរបស់រដ្ឋ និងទឹកដីចំនួន ៧ ផ្សេងទៀត។ ខណៈនៅទូទាំងប្រទេសអូស្រ្តាលី បានរាយការណ៍អំពីករណីឆ្លងវីរុស Covid-19 ចំនួន ៩,០០០ ករណី និង ១០៦ នាក់បានស្លាប់ដោយសារវីរុសនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ reuters