ក្រសួងហិរញ្ញវត្ថុថៃកំពុងផ្ដល់ជូននូវការកាត់បន្ថយពន្ធលើការលក់ និងការបន្ធូរបន្ថយពន្ធរយៈពេលខ្លីសម្រាប់អាជីវកម្មមួយចំនួនដើម្បីជួយពួកគេក្នុងការដោះស្រាយផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19 ឱ្យកាន់តែប្រសើរឡើង។ លោក Thanakorn Wangboonkongchana លេខារបស់លោក Uakama Savanayana រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបាននិយាយថា ចំនួនអ្នកស្លាប់និងការឆ្លងរាលដាលនៃជំងឺ Covid-19 នៅទូទាំងពិភពលោកបានបន្តកើនឡើង ហើយបញ្ហានេះបានជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលដល់សេដ្ឋកិច្ចថៃ។
លោក Thanakorn បានបន្ថែមថា អត្រាពន្ធលើការលក់ត្រីចក្រយានអគ្គិសនីត្រូវបានកាត់បន្ថយពាក់កណ្តាលមកនៅត្រឹម ២% ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាត និងជំរុញឱ្យក្រុមហ៊ុនផលិតត្រីចក្រយានអគ្គិសនី ដើម្បីរក្សាការងារក្នុងកំឡុងពេលលំបាកទាំងនេះ។ ដោយឡែកពន្ធលើការលក់ផ្លែឈើ និងបន្លែក៏ត្រូវបានកាត់បន្ថយពាក់កណ្តាលផងដែររហូតដល់ ១០% ព្រោះវាជាផលិតផលផ្ដល់នូវសុខភាពល្អ។

ជាងនេះទៅទៀតដើម្បីជាការលើកទឹកចិត្តសម្រាប់អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍និងបដិសណ្ឋារកិច្ចដើម្បីរក្សាបុគ្គលិករបស់ខ្លួនក្រសួងកំពុងផ្តល់ជូនពួកគេនូវការលើកលែងពន្ធសាជីវកម្មរហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ ដោយអាជីវកម្មទាំងនោះរួមមាន ហាងស្ប៉ា ម៉ាស្សា ភោជនីយដ្ឋាន ហាងស្រា បារនិងកន្លែងកម្សាន្តផ្សេងទៀត។ មិនតែប៉ុណ្ណោះក្រសួងក៏បានពន្យាពេលចំពោះផែនការដំឡើងពន្ធលើការលក់ថ្នាំជក់ និងបារីពី ៤០% ទៅ ៦០% ចាប់ពីថ្ងៃទី១ ខែតុលាឆ្នាំនេះដល់ថ្ងៃទី១ ខែតុលាឆ្នាំ ២០២១ ដោយលោក Thanakorn បាននិយាយថា ការពន្យារពេលនេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើលំហូរសាច់ប្រាក់ទាំងឧស្សាហកម្មផលិតថ្នាំជក់ និងអ្នកដាំថ្នាំជក់។

មួយវិញទៀតក្រសួងក៏បានយល់ព្រមពន្យារយៈពេលអតិបរមាសម្រាប់ការបំពេញការនាំចេញទំនិញរួចពន្ធចាប់ពី ១៥ថ្ងៃ ទៅ ៣០ថ្ងៃ និងអនុញ្ញាតឱ្យមានការពន្យារពេលបន្តរហូតដល់ ១២០ ថ្ងៃបើចាំបាច់។ ខណៈតម្រូវការក្នុងការដាក់ឯកសារទាក់ទងនឹងការនាំចេញបែបនេះក្នុងរយៈពេល ៦០ ថ្ងៃក៏ត្រូវបានពង្រីកដល់ ៩០ ថ្ងៃផងដែរ ហើយអាជីវកម្មអាចស្នើសុំការបន្ថែមរហូតដល់ ១៥០ ថ្ងៃក្នុងករណីពិសេសថែមទៀតផង៕
អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


