ប្រទេសហ្វីលីពីន នឹងបើកស្ថានីយអាកាសចរណ៍មួយទៀតសម្រាប់ជើងហោះហើរអន្តរជាតិ បន្ទាប់ពីបានបិទអស់រយៈពេល ៣ ខែ
ទេសចរណ៍ July 8, 2020 Chan Sreyny

ប្រទេសហ្វីលីពីន នឹងបើកចំណតអាកាសយានដ្ឋានសំខាន់មួយបន្ថែមទៀតនៅក្នុងរដ្ឋធានីរបស់ខ្លួន ដើម្បីពង្រីកប្រតិបត្តិការសេវាកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ដែលមកពីជប៉ុន និងបណ្តាប្រទេសដទៃទៀត ដែលចាប់ផ្តើមបើកនៅសប្តាហ៍ក្រោយ។

អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងទីក្រុងម៉ានីល បាននិយាយកាលពីថ្ងៃទី៤ ខែកក្កដា ថាខ្លួននឹងចាប់ផ្តើមបើកជើងហោះហើរអន្តរជាតិនៅស្ថានីយទី ៣ ឡើងវិញនៅថ្ងៃពុធ សប្ដាហ៍ក្រោយ។ ទន្ទឹមនឹងនេះ អាជ្ញាធរអាកាសយានដ្ឋានក៏បាននិយាយថា ជើងហោះហើរដែលមកដល់ និងត្រឡប់ទៅវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways រួមទាំងក្រុមហ៊ុនអាកាសចរណ៍ ៧ ផ្សេងទៀត នឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។

គួររំលឹកផងដែរថា ស្ថានីយអាកាសចរណ៍ទី ៣ ត្រូវបានបិទកាលពីថ្ងៃទី ២៨ ខែមីនា បន្ទាប់ពីមានការបិទប្រទេសទ្រង់ទ្រាយធំនៅក្នុងរដ្ឋធានី និងទីក្រុងដទៃទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ប្រទេសហ្វីលីពីនករណីអ្នកឆ្លងជំងឺ Covid-19 ចំនួន ៤០,៣៣៦ ករណី និងមានអ្នកស្លាប់ចំនួន ១,២៨០ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost