កោះបាលី នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសចូលមកកំសាន្ដឡើងវិញនៅខែកញ្ញា ទោះបីរងការាតត្បាតពីជំងឺ Covid-19 ក៏ដោយ
ទេសចរណ៍ July 7, 2020 Chan Sreyny

ឥណ្ឌូនេស៊ី៖ កោះបាលី នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសចូលមកកំសាន្ដឡើងវិញនៅខែកញ្ញា ខណៈកោះកំសាន្តដ៏ល្បីរបស់ឥណ្ឌូនេស៊ីមួយនេះ កំពុងរៀបចំកម្មវិធីសម្រាប់វិស្សមកាលឡើងវិញ បើទោះបីជាប្រទេសមួយនេះនៅតែរងការរាតត្បាតពីជំងឺ​ Covid-19 ក៏ដោយ។

លោក Wayan Koster អភិបាលខេត្តកោះបាលី បាននិយាយកាលពីថ្ងៃអាទិត្យ ថាកោះនេះនឹងបើកឡើងវិញនូវឆ្នេរខ្សាច់ ប្រាសាទ និងកន្លែងទេសចរណ៍ដទៃទៀតសម្រាប់ភ្ញៀវទេសចរក្នុងស្រុកនៅចុងខែកក្កដា ហើយស្វាគមន៍ភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី ១១ ខែកញ្ញា ខាងមុខ។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើភ្ញៀវទេសចរមកពីគ្រប់ប្រទេសទាំងអស់ នឹងត្រូវបានអនុញ្ញាតឱ្យទៅដល់កោះបាលីតែម្ដង ឬក៏ដាក់ពួកគេឱ្យនៅដាច់ដោយឡែក នៅពេលដែលពួកគេមកដល់។

ទន្ទឹមនឹងនេះ បរិមាណនៃជើងហោះហើរទៅ និងមកពីកោះបាលីបានធ្លាក់ចុះក្នុងកំឡុងពេលមានជំងឺរាតត្បាតពាសពេញពិភពលោក ដែលធ្វើឱ្យសណ្ឋាគារជាច្រើនគ្មានមនុស្សស្នាក់នៅ និងភោជនីយដ្ឋានជាច្រើនកំពុងកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។ គិតត្រឹមថ្ងៃច័ន្ទ នេះកោះបាលីបានរាយការណ៍ថា មានអ្នកឆ្លងជំងឺចំនួន ១.៩០០ នាក់ដោយមានអ្នកស្លាប់ចំនួន ២៣ នាក់។ គួររំលឹកផងដែរថា ប្រទេសឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ លើពិភពលោកបានបង្ហាញករណីឆ្លងចំនួន ៦៥.០០០ ករណី និងមានមនុស្សស្លាប់ចំនួន ៣.២៤១ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia