ប្រទេសថៃមានគោលបំណងចង់ឱ្យផលិតកម្មយានយន្ត ៣០% គឺជាយានយន្តអគ្គិសនីនៅឆ្នាំ២០៣០ ដើម្បីគោលបំណងកាត់បន្ថយការបំពុលបរិយាកាស ព្រោះថាគុណភាពខ្យល់នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃ ជាពិសេសទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ជារឿយៗការបំពុលបរិយាកាសបានឡើងដល់កម្រិតគ្មានសុវត្ថិភាព និងរហូតអាចចាត់ចូលថាមានគ្រោះថ្នាក់បំផុតសម្រាប់ផ្នែកខ្លះទៀតផង នេះបើតាមការកត់ត្រាដោយ IQAir ។ ជម្រាបដែរថា យានយន្តអគ្គិសនីដែលគេផ្ដោតសំខាន់រួមមាន៖ រថយន្ត ម៉ូតូ និងឡានក្រុងជាដើម។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Suriya Jungrungreangkit មានប្រសាសន៍ថា៖«រដ្ឋាភិបាលចង់ពន្លឿនការប្រើប្រាស់ និងផលិតរថយន្តអគ្គិសនី ដោយយុទ្ធសាស្ត្រជាតិគឺផ្តោតលើបរិស្ថាន និងដំណោះស្រាយបំពុលបរិយាកាស»។
ថ្វីបើការដុតដំណាំនៅតាមបណ្តាខេត្តភាគខាងជើង គឺជាកត្តាចំបងក្នុងការបំពុលបរិយាកាស ហើយការបំភាយឧស្ម័នពីរថយន្ត ឡានក្រុង និងរថយន្តដឹកទំនិញ មិនមែនជាបុព្វហេតុចម្បងនៃគុណភាពខ្យល់មិនល្អក៏ដោយ ក៏ការស្ទង់មតិថ្មីៗនេះពី Nissan Motor Co, បានបង្ហាញថា ប្រជាជនថៃ ៩១% នឹងទិញរថយន្តអេឡិចត្រូនិក ដោយសារតែផលប៉ះពាល់បរិស្ថាន។ លោក Suriya មានប្រសាសន៍ថា រដ្ឋាភិបាលក៏កំពុងសំឡឹងមើលផលប្រយោជន៍ពន្ធសម្រាប់អ្នកទិញ និងការលើកទឹកចិត្តអ្នកវិនិយោគ ដើម្បីជួយប្រទេសថៃឱ្យសម្រេចគោលដៅរបស់ខ្លួននៅចុងទសវត្សនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ The Thaiger


