ក្រុមហ៊ុនជប៉ុនជាច្រើន ស្នើឱ្យកម្មកររបស់ខ្លួនចូលនិវត្តន៍មុនពេលកំណត់
សេដ្ឋកិច្ច July 6, 2020 Chan Sreyny

ក្រុមហ៊ុនជាច្រើននៅប្រទេសជប៉ុន កំពុងស្នើឱ្យបុគ្គលិករបស់ខ្លួនចូលនិរត្តន៍ដោយស្ម័គ្រចិត្ត នៅពេលដែលក្រុមហ៊ុនរបស់ពួកគេកំពុងប្រឈមមុខ នឹងការប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារជំងឺ Covid-19 ។

ក្រុមហ៊ុនស្រាវជ្រាវឯកជន Tokyo Shoko Research បាននិយាយថាក្រុមហ៊ុនចំនួន ៤១​ បានធ្វើការស្នើសុំនេះទៅដល់បុគ្គលិករបស់ខ្លួនក្នុងអំឡុងឆមាសទី១ នៃឆ្នាំនេះ។ ចំនួននេះមានចំនួនច្រើនជាងឆ្នាំ ២០១៩ ដែលរយៈពេញមួយឆ្នាំមានត្រឹមតែ ៣៥ ក្រុមហ៊ុនប៉ុណ្ណោះ ហើយវាក៏ជាលើកទី១ ផងដែរចាប់តាំងពីឆ្នាំ ២០១០ មកដែលតួរលេខនេះបានកើនឡើងដល់ ៤០ ក្រុមហ៊ុនក្នុងរយៈពេលត្រឹមតែ​ ៦ ខែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ កម្មករជិត ៧,២០០ នាក់ត្រូវបានគេកំណត់ជាគោលដៅសម្រាប់កាត់បន្ថយប្រាក់ខែ ចាប់ពីខែមករា ដល់ខែមិថុនា ចំនួននេះលើសពីតួលេខពេញមួយឆ្នាំកាលពីឆ្នាំ ២០១៦ ដល់ ២០១៨ ។ ក្នុងនោះឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌឈរក្នុងលំដាប់កំពូលក្នុងបញ្ជីដោយមានក្រុមហ៊ុនចំនួន ៦ ដែលស្នើឱ្យបុគ្គលិកចូលនិវត្តន៍មុនពេលកំណត់។ ចំណែកឯ ផ្នែកលក់គ្រឿងអគ្គិសនី និងផ្នែកផលិតយានយន្ត និងកប៉ាល់តាមនាវាមានចំនួន ៤ ក្រុមហ៊ុន។

ក្រុមហ៊ុនចំនួនប្រាំបីទៀតកំពុងកាត់បន្ថយកម្លាំងពលកម្មរបស់ពួកគេ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត។ Tokyo Shoko Research ក៏បានបន្ថែមថា ក្រុមហ៊ុនជាច្រើនទំនងជានឹងធ្វើបែបនេះបន្តទៀត ព្រោះជំងឺរាតត្បាតកំពុងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មជាច្រើន៕

អត្ថបទ៖ នីតា
ប្រភព៖ nhk