អង់គ្លេស នឹងបង្កើនចំនួនគ្រូបង្វឹកធ្វើការទ្វេដង ដើម្បីជួយស្រោចស្រង់អ្នកអត់ការងារធ្វើដោយសារកូវីដ
សេដ្ឋកិច្ច July 6, 2020 Chan Sreyny

រដ្ឋាភិបាលអង់គ្លេស​ នឹងបង្កើនចំនួនគ្រូបង្វឹកធ្វើការ (Work coaches) របស់ខ្លួនទ្វេដងដែលជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយការកើនឡើងនៃភាពអត់ការងារធ្វើរបស់ប្រជាជន ដែលបណ្តាលមកពីជំងឺ Covid-19 នេះបើយោងតាម ក្រសួងហិរញ្ញវត្ថុអង់គ្លេសបានមាននិយាយកាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ។

ក្រសួងក៏បានបន្ថែមទៀតថា ចំនួនគ្រូបង្វឹកនៅក្នុងមជ្ឈមណ្ឌលការងារអង់គ្លេសនឹងកើនឡើងទ្វេដងដល់ទៅ ២៧,០០០ នាក់ក្នុងតម្លៃសរុប ៨០០ លានផោន (៩៩៧ លានដុល្លារ) ។ គ្រូបង្វឹកនឹងផ្តល់ការគាំទ្រដល់អ្នករកការងារធ្វើ ដើម្បីបង្កើតជំនាញ និងលើកកម្ពស់ទស្សនវិស័យការងាររបស់ពួកគេ។

ទន្ទឹមនឹងនេះ លោក Rishi Sunak រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ គ្រោងនឹងប្រកាសនូវជំហានបន្ទាប់របស់លោកសម្រាប់ដឹកនាំសេដ្ឋកិច្ចដ៏ធំបំផុតទី ៥ របស់ពិភពលោកឱ្យនៅឆ្ងាយពីការធ្លាក់ចុះនៃការបិទប្រទេស ដែលបណ្តាលឱ្យទិន្នផលមានការធ្លាក់ចុះរហូតដល់ ២០% នៅក្នុងខែមេសា ។ គួររំលឹកផងដែរថា ចំនួននិយោជិកអង់គ្លេសជាង ៦០ ម៉ឺននាក់ដែលបានកាត់បន្ថយប្រាក់ខែនៅក្នុងខែមេសា និងឧសភា ហើយចំនួនបុគ្គលិកដែលបាត់បង់កាងារធ្វើបានធ្លាក់ចុះច្រើនបំផុតនៅក្នុងកំណត់ត្រា ក្នុងរយៈពេល ៣ ខែ។ រដ្ឋមន្ត្រីរូបនេះបានឲ្យដឹងផងដែរថា ក្រុមគ្រូបង្វឹកការងារនេះ នឹងផ្តល់ការគាំទ្រដល់អ្នករកការងារធ្វើ ដើម្បីបង្កើតជំនាញ និងលើកកម្ពស់ទស្សនវិស័យការងាររបស់ពួកគេឲ្យកាន់តែល្អប្រសើរ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia