គម្រោងកែលំអសួននៅមុខប្រាសាទអង្គរវត្តគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០ នេះ ខណៈបច្ចុប្បន្នអនុវត្តបានប្រមាណ ៦០%ហើយ
ទេសចរណ៍ July 4, 2020 Chan Sreyny

គម្រោងកែលម្អសួននៅមុខប្រាសាទអង្គរវត្តបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ដែលនឹងជួយលើក​កម្ពស់សោភ័ណរម្មណីដ្ឋានមុខអង្គរឲ្យកាន់តែស្រស់ស្អាត និងមានភាពបៃតងជាទីទាក់ទាញភ្ញៀវទេសចរ។ យោងតាម​ការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹករៀបចំសួនច្បារដាំស្មៅ ដាំផ្កា និងដើមឈើនៅខាងមុខបរិវេណប្រាសាទអង្គរវត្ត ដើម្បីពន្លឿនការកែប្រែបរិវេណនេះឱ្យក្លាយទៅជាសួនច្បារបៃតងប្រកបដោយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកំសាន្ត និងថតរូបអនុស្សាវរីយ៍ស្អាតៗ។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ប្រាប់ក្រុមការងារអ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាឲ្យដឹងថា គម្រោងកែលំអសួនច្បារខាងមុខបរិវេណប្រាសាទអង្គរវត្តពេលបច្ចុប្បន្ននេះ ដំណើរការបានប្រមាណ ៦០% ហើយ ដោយក្រុមការងារជំនាញបានចាប់ផ្តើមអនុវត្តគម្រោងនេះតាំងពីដើមឆ្នាំ​ ២០២០មកម្ល៉េះ។ លោកបន្តថា ការរៀបចំសួនច្បារខាងមុខបរិវេណប្រាសាទអង្គរវត្តនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព គុណភាព និងជំរុញអោយមានការចូលមកទស្សនា ក្នុងរមណីយដ្ឋានអង្គរទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាដើម។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះបានបន្ថែមទៀតថា អាជ្ញាធរជាតិអប្សរាមិនត្រឹមតែមានគម្រោងកែលម្អសួននេះប៉ុណ្ណោះទេ គឺមានគម្រោងជាច្រើនទៀតដែលក្រុមការងារបច្ចេកទេសកំពុងអនុវត្តគឺ កិច្ចការងារជួសជុលផ្លូវថ្នល់ ទាំងបរិវេណវង់តូច និងបរិវេណវង់ធំ និងកិច្ចការងារអភិរក្សប្រាង្គប្រាសាទមួយចំនួនទៀត និងការងារពង្រីកគម្របព្រៃឈើ ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរ ដែលកិច្ចការទាំងនេះគឺជារបបគំហើយថ្មីៗ ក្នុងការផ្តល់ព័ត៌មានបែបវិទ្យាសាស្ត្រ និងព័ត៌មានបែបបុរាណវិទ្យា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្រោយជំងឺកូវីដ១៩បានថមថយ៕

ប្រភព៖ ក្រសួងព័ត៌មាន