ប្រទេសវៀតណាម៖ គណៈកម្មាធិការប្រជាជននៃតំបន់ដីសណ្តទន្លេមេគង្គខេត្តត្រាវិញ បានសម្រេចផ្តល់ជំនួយសង្គ្រោះជាង ៤០ ពាន់លានដុង (១.៧ លានដុល្លារអាមេរិក) ដល់គ្រួសារដែលធ្វើកសិកម្មជាង ២៨,០០០ នាក់ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះរាំងស្ងួត និងការកើនឡើងកម្រិតជាតិប្រៃក្នុងទឹកទន្លេ នារដូវប្រាំងក្នុងឆ្នាំ ២០១៩-២០២០ ។
ចំពោះគ្រួសារដែរដាំស្រូវ បន្លែ និងអំពៅនឹងទទួលបាន ១ លានដុង (ជិត ៤៣ ដុល្លារ) ក្នុងដីមួយហិកតាប្រសិនបើដំណាំរបស់ពួកគេទទួលរងការខូចខាតពី ៣០% ទៅ ៧០% ។ ពួកគេនឹងទទួលបាន ២ លានដុង (ជាង ៨៥ ដុល្លារ) ប្រសិនបើមានការខាតបង់កាន់តែច្រើន។ ចំណែកដំណាំឯផ្កាអ័រគីដេ និងផ្លែឈើនឹងទទួលបានជំនួយសង្គ្រោះចំនួន ២ លានដុង (ជាង ៨៥ ដុល្លារ) ទៅ ៤ លានដុង (ជាង ១៧១ ដុល្លារ) ។

ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តលោក Pham Minh Truyen បាននិយាយថា គ្រោះរាំងស្ងួត និងការកើនឡើងកម្រិតជាតិប្រៃក្នុងទឹកទន្លេរ បានប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់តំបន់កសិកម្មជាច្រើន។ ដើម្បីស្តារផលិតកម្ម កសិកម្មឡើងវិញមន្ទីរបានកែសម្រួលកាលវិភាគដាំដុះស្រូវ ដើម្បីធានាថាមានទឹកស្រោចស្រពនៅរដូវក្តៅ និងរដូវផ្សេងៗទៀត។

ទន្ទឹមនឹងនេះក្នុងឆ្នាំ ២០២០-២០២២ ខេត្តគ្រោងនឹងចំណាយថវិកាជាង ១០ ពាន់លានដុង (ជិត ៤៣ ម៉ឺនដុល្លារ) សម្រាប់សកម្មភាពផ្នែកសិកម្មដូចជា៖ បណ្តុះបណ្តាលកសិករអំពីបច្ចេកទេសដាំដំណាំ ចិញ្ចឹមសត្វ និងធ្វើវារីវប្បកម្ម៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


