កម្ពុជា-ថៃ កំពុងពិភាក្សាពីលទ្ធភាពបើកច្រកព្រំដែន ដើម្បីស្តារចរន្តសេដ្ឋកិច្ចឡើងវិញ
សេដ្ឋកិច្ច July 3, 2020 Chan Sreyny

(បាងកក)៖ គណៈប្រតិភូកម្ពុជា-ថៃ បានជួបពិភាក្សាអំពីលទ្ធភាពក្នុងការបើកច្រកអន្ដរជាតិសំខាន់ៗឡើងវិញ ដែលស្ថិតនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដើម្បីទម្លាយភាពជាប់គាំងផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីវិធានការណ៍រឹតបន្តឹងការធ្វើដំណើរចេញចូល ដើម្បីបង្ការការរីករាលដាលនៃជំងឺ Covid-19 ។

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រវាងប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងប្រតិភូធុរជនថៃ ដឹកនាំដោយលោក ឆានីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃឡង់ដ៏-កម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងបាងកក។

ឯកឧត្ដម អ៊ូក ​​​​សោភ័ណ បានមានប្រសាសន៍ថា ភាគីទាំងពីរគ្រោងលើកសំណើទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃ ដើម្បីបើកច្រកអន្ដរជាតិប៉ោយប៉ែត-ខ្លងលឹក ដែលស្ថិតនៅចន្លោះព្រំទល់ខេត្តបន្ទាយមានជ័យ (កម្ពុជា) និងខេត្តស្រះកែវ (ថៃ) សម្រាប់ភ្ញៀវទេសចរកម្ពុជា ដែលត្រូវការមកពិនិត្យជម្ងឺនៅក្នុងប្រទេសថៃ និងធុរជនថៃ ដែលត្រូវការចូលទៅវិនិយោគនៅកម្ពុជា ដោយមានកំណត់ចំនួនក្នុងមួយថ្ងៃ។ លោកបានបន្ថែមទៀតថា ភាគីទាំងពីរក៏មានគម្រោងស្នើសុំបើកច្រកព្រំដែនអន្តរជាតិផ្សេងទៀតដើម្បីជំរុញលំហូរទេសចរ និងពាណិជ្ជកម្មទ្វេភាគីនិងស្តារសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឡើងវិញ។

យោងតាមទិន្ន័យពីក្រសួងពាណិជ្ជកម្មថៃ នៅក្នុងរយៈពេល៤ ខែដំបូងនៃឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រចបានទឹកប្រាក់ ៣.១ ប៊ីលានដុល្លារ កើនឡើង ១៨.៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅថៃមានទឹកប្រាក់ ៦៨៧ លានដុល្លារកើនឡើង ១០៦% ចំណែកការនាំចូលមានទឹកប្រាក់ ២.៤ ប៊ីលានដុល្លារកើនឡើង ៥.៦% ៕

ប្រភព៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ