WTO ហាមឃាត់ប្រទេសនានាមិនឱ្យបញ្ឈប់ការនាំចេញស្បៀងអាហារដោយសារតែវីរុស Covid-19
សេដ្ឋកិច្ច July 2, 2020 Chan Sreyny

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានហាមឃាត់ប្រទេសនានាពីការបញ្ឈប់ការនាំចេញស្បៀងអាហារក្នុងអំឡុងពេលផ្ទុះជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់លោកស្រី Tassanee Muangkaew អគ្គលេខាធិការរងនៃការិយាល័យសេដ្ឋកិច្ចកសិកម្មប្រទេសថៃ (OAE) កាលពីថ្ងៃទី ១៨ ខែមិថុនា កន្លងទៅ។ ការសំរេចចិត្តនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការកសិកម្មរបស់ WTO ។

លោកស្រីបាននិយាយថា « កិច្ចប្រជុំនេះបានឯកភាពថាការផ្ទុះឡើងនៃជំងឺ Covid-19 មានឥទ្ធិពលយ៉ាងខ្លាំងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោកជាពិសេសផលិតផលកសិកម្ម ដោយសារតែការបញ្ឈប់សកម្មភាពផលិតនៅទូទាំងពិភពលោក »។ ប្រទេសជាច្រើនបានប្រើវិធានការដែលរំលោភលើបទប្បញ្ញត្តិរបស់ WTO ដោយលើកឡើងពីមូលហេតុដើម្បីដោះស្រាយស្ថានភាពបន្ទាន់ដូចជា៖ ហាមឃាត់ការនាំចេញផលិតផលកសិកម្ម និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដែលត្រូវបានប្រើសម្រាប់ការបង្ការ និងព្យាបាលជំងឺ Covid-19 ដើម្បីការពារការខ្វះខាតនៅក្នុងប្រទេសរបស់ពួកគេ។

លោកស្រីបានបន្ថែមទៀតថា « យោងតាម WTO វិធានការទាំងនេះនឹងកាត់បន្ថយសង្វាក់ផ្គត់ផ្គង់ពិភពលោកបន្ថែមទៀត ហើយនឹងបង្កឱ្យមានកង្វះខាតស្បៀងអាហារ និងទំនិញកសិកម្មដែលអាចនឹងបង្កអន្តរាយដល់ស្ថិរភាពស្បៀងអាហាររបស់ពិភពលោក »។ ជាមួយគ្នានេះដែរ ប្រទេសអូស្រ្តាលី កាណាដា និងសហភាពអឺរ៉ុបបានយល់ស្របនឹងដំណោះស្រាយនេះហើយបានសន្យាថា ពួកគេនឹងមិនប្រើវិធានការដែលរំលោភបទប្បញ្ញត្តិរបស់ WTO ក្នុងអំឡុងពេលមានជំងឺ Covid-19 នោះទេ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មបើកចំហរ និងអាចព្យាករណ៍បានក្នុងចំណោមប្រទេសជាសមាជិក។

លើសពីនេះទៅទៀត WTO ក៏បានទទូចដល់បណ្តាប្រទេសដែលបានប្រើប្រាស់បំរាមនាំចេញដើម្បីពន្យល់ពីហេតុផល និងរយៈពេលសម្រាប់វិធានការណ៍បែបនេះ។ គួររំលឹកផងដែរថា ប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ាបានបិទការនាំចេញអង្ករ ចំណែកឯអេហ្ស៊ីប និងហុងឌូរ៉ាសបិទការនាំចេញគ្រាប់ធញ្ញជាតិ ខណៈកាហ្សាក់ស្ថាន រុស្ស៊ី និងតាហ្ស៊ីគីស្ថានក៏បានបិទការនាំចេញស្រូវសាលីផងដែរ។ ចំពោះប្រទេសថៃបានប្រកាសបិទការនាំចេញស៊ុត ដើម្បីការពារការខ្វះខាតក្នុងស្រុកក្នុងកំឡុងថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី ៣០ ខែមេសា ។ OAE បានពន្យល់ដល់កិច្ចប្រជុំរបស់ WTO ថាការហាមឃាត់នេះត្រូវបានដកចេញហើយ ដូច្នេះមិនរំលោភលើការហាមឃាត់របស់ WTO នោះទេ ដែលបានចូលជាធរមាននៅថ្ងៃទី ១៨ ខែមិថុនា ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand